វគ្គអាជ្ញាកណ្តាលបាល់ទាត់ក្នុងសាល ជាចំណែកឆ្ពោះទៅស៊ីហ្គេម ២០២១

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០–

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំវគ្គ បណ្តុះបណ្តាលអាជ្ញាកណ្តាលបាល់ទាត់ក្នុងសាល ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ដែលមានសិក្ខាកាម ៣០នាក់ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយអគ្គលេខាធិការសហព័ន្ធចាត់ទុកថា វគ្គនេះគឺជាដំណើរការអភិវឌ្ឍន៍ឆ្ពោះទៅកាន់តែរឹងមាំ ជាពិសេសក្នុងការត្រៀមខ្លួន រៀបចំក្រុមជម្រើសជាតិចូលរួមស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្លែងថា វគ្គបណ្តុះ បណ្តាលអាជ្ញាកណ្តាលនេះគឺសំខាន់ណាស់ ដើម្បីផ្តល់ចំណេះដឹងដល់អាជ្ញាកណ្តាលនានា ក្នុងការបង្កើនគុណភាពសម្រាប់ការដឹកនាំការប្រកួតបាល់ទាត់ក្នុងសាល។ ដើម្បីឱ្យក្រុមជម្រើសជាតិខ្លាំង ត្រូវបានការប្រកួតលីគល្អ ហើយត្រូវបានក្រុមចូលរួមល្អ ហើយក៏ត្រូវមានអាជ្ញាកណ្តាល្អ ប្រសិនបើអាជ្ញាកណ្តាលដឹកនាំមិនបានល្អ នោះការប្រកួតនឹងមានភាពច្របូកច្របល់។ ដូច្នេះទើបសហព័ន្ធរៀបចំវគ្គនេះឡើង ដើម្បីពង្រឹងគុណភាពអាជ្ញាកណ្តាលឱ្យបានល្អ រួមទាំងបច្ចេកទេស កាយសម្បទារឹងមាំ ដើម្បីអាចគ្រប់គ្រងការពិនិត្យមើលការប្រកួតដោយរលូន។ លោក កែវ សារ៉េត មានប្រសាសន៍បន្តថា សូមឱ្យសិក្ខាកាមទាំងអស់ក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសដោយការការចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍន៍ខ្លួនកាន់តែល្អប្រសើរ។

លោក យាន គីវឌ្ឍនា គ្រូឧទ្ទេសប្រចាំវគ្គនេះបញ្ជាក់ថា សិក្ខាកាមជាអាជ្ញាកណ្តាលមានចំនួន៣០នាក់ មកពីរាជធានី-ខេត្ត ចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ដែលក្នុងឆ្នាំនេះមាន៣វគ្គ សម្រាប់វគ្គបណ្តុះបណ្តាលបាល់ទាត់ក្នុងសាល ក្នុងនោះមានវគ្គជម្រើសអាជ្ញាកណ្តាលទូទាំងប្រទេស ដោយបានបញ្ចប់កាលពីពេលកន្លងទៅ ហើយពេលនេះគឺជាវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ និងវគ្គទី៣ ជាវគ្គបំប៉ន ដើម្បីបំពេញបន្ថែម មុនការប្រកួតប្រកួតលីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ២០២០។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលនេះ ក៏ជាចំណែកយ៉ាងសំខាន់ ក្នុងការឆ្ពោះទៅរៀបចំការប្រកួតបាល់ទាត់ ក្នុងសាលថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ក៏ដូចជាសម្រួចគោលដៅឆ្ពោះទៅរៀបចំក្រុមជម្រើសជាតិមួយ ចូលរួមប្រកួតប្រជែងក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១៕ ដោយ៖ហេង ណាលីន