សិក្ខាសាលាស្ដីពីការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០–

ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាស្ដីពីការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (Regional Workshop on the Mid-Term Review (MTR) of the Master Plan on ASEAN Connectivity (MPAC) 2025) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) កាលពីថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដែលត្រូវអនុវត្តន៍ផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដើម្បីចែករំលែកលទ្ធផលបណ្ដោះអាសន្នស្តីការស្រាវជ្រាវអំឡុងពេលពាក់កណ្ដាលអាណត្តិ និងដើម្បីប្រមូលមតិយោបល់ និងអនុសាសន៍លើកដំបូងរបស់ខ្លួនក្នុងការពង្រឹងការអនុវត្តផែនការមេនេះ។

ជាមួយគ្នានេះដែរ សិក្ខាសាលានេះក៏មានគោលបំណងផ្តល់ឱកាសដល់គណៈកម្មការសម្របសម្រួលការតភ្ជាប់អាស៊ាន (Asean Connectivity Coordinating Committee) ចូលរួមជាមួយស្ថាប័នដឹកនាំការអនុវត្តផែនការមេ តភ្ជាប់អាស៊ាន ស្ថាប័នតាមវិស័យរបស់អាស៊ានដែលពាក់ព័ន្ធ អ្នកសម្របសម្រួលថ្នាក់ជាតិ និងជនបង្គោលថ្នាក់ជាតិ ក៏ដូចជាដៃគូសន្ទនា និងដៃគូសន្ទនាខាងក្រៅផ្សេងៗទៀត មុនកិច្ចប្រជុំគណៈកម្មការសម្របសម្រួលការតភ្ជាប់អាស៊ាន និងកិច្ចប្រជុំផ្សេងៗទៀតដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា ការតភ្ជាប់អាស៊ានសំដៅដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័នរូបវន្ត (Physical Connectivity) ការតភ្ជាប់ស្ថាប័ននិងស្ថាប័ន (Institutional Connectivity) និងការតភ្ជាប់ប្រជាជននិងប្រជាជន (People-To-People Connectivity) ក្រោមចក្ខុវិស័យសម្រេច ឱ្យបាននូវការតភ្ជាប់អាស៊ានដោយរលូន និងពេញលេញ និងសមាហរណកម្មអាស៊ានសំដៅលើកកម្ពស់ការប្រកួតប្រជែង និងការយល់ដឹងអំពីសហគមន៍អាស៊ានកាន់តែច្បាស់ និងលើកកម្ពស់សន្តិសុខនយោបាយក្នុងតំបន់ សេដ្ឋកិច្ច និងសង្គមវប្បធម៌របស់រដ្ឋសមាជិកផងដែរ៕

ដោយ៖ទេស ច័ន្ទសុធារី