គណៈកម្មការទី១០ព្រឹទ្ធសភា ចុះអង្កេតច្រកទ្វារអន្តរជាតិក្អមសំណ ស្រុកលើកដែក

AKP កណ្តាល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០–

នៅថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អង្កេត បោសសម្អាត និង ប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះអង្កេតច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្ដាល ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍមូលដ្ឋាន ការអនុវត្តច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ។

គោលបំណងសំខាន់របស់គណៈកម្មការអង្កេត បោសសម្អាត និង ប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០ ) នៅលើទឹកដីខេត្តកណ្តាល ជាពិសេសនៅក្នុងមូលដ្ឋានស្រុកលើកដែកនាពេលនេះ គឺដើម្បីឈ្វេងយល់អំពីកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹង វឌ្ឍនភាព បញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍមូលដ្ឋាន ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណរ ។

ក្នុងឱកាសនោះ ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការី១០ នៃព្រឹទ្ធសភា មានប្រសាសន៍ថា ការចុះមកអង្កេតនេះសំដៅឱ្យមានតម្លាភាពនៃការប្រមូលពន្ធជូនរដ្ឋឱ្យមានប្រសិទ្ធភាព និង ចៀសវាងនូវការប្រព្រឹត្តអំពើពុករលួយ នៅច្រកទ្វារអន្តរជាតិនេះ ដែលនាំឱ្យបាត់បង់ថវិកាជាតិ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)