ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងផែនការមេ សម្រាប់ការ អភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តឆ្នាំ២០២០-២០៣៥

AKP សៀមរាប ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០–

នៅថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាមួយដើម្បីត្រួតពិនិត្យលើសេចក្តីព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបក្នុងឆ្នាំ២០២០-២០៣៥ ដែលកិច្ចប្រជុំនេះក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុកទាំង១២ ដែលចំណុះឱ្យខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ពៅ ពិសិដ្ឋ បានគូសបញ្ជាក់ថា ការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥នេះ ជាសូចនាករដ៏សំខាន់ ក្នុងការតម្រង់ទិសលើកិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ក្រោយការបញ្ចប់នូវវិបត្តិជំងឺកូវីដ-១៩ ហើយក៏ជាមូលដ្ឋានគ្រឹះរបស់ខេត្តទេសចរណ៍យើងផងដែរ។ ឯកឧត្តមបានសុំឱ្យអង្គប្រជុំទាំងមូល ផ្តោតទៅលើចំណុចសំខាន់ៗដែលបានរៀបចំឡើងនៅលើសេចក្តីព្រាងទៅតាមជំពូកនីមួយៗ ក្នុងចំណោមទាំង១០ជំពូក ដែលបានស្តែងចេញឡើងពីការស្ទង់មតិ ពីអ្នកគ្រប់គ្រងអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងធុរៈកិច្ចក្នុងវិស័យឧស្សាហ៍កម្មទេសចរណ៍ រួមទាំងវិស័យឯកជនផងដែរ។

សេចក្តីព្រាងនៃផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ដែលមន្ទីរទេសចរណ៍ខេត្តបានដាក់ជូនក្នុងកិច្ចប្រជុំពិភាក្សានាពេលនោះមាន១០ជំពូក ពោលគឺ ជំពូកទី១-ជាគោលដៅអភិវឌ្ឍន៍សេណារីយ៉ូអភិវឌ្ឍន៍ និងគោលដៅនិរន្តរភាពទេសចរណ៍។ ជំពូកទី២-គឺយុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍អាទិភាព។

ជំពូកទី៣-យុទ្ធសាស្ត្រវិនិយោគទេសចរ ណ៍ និងការអភិវឌ្ឍរបៀងទេសចរណ៍ថ្មី។ ជំពូកទី៤-យុទ្ធសាស្ត្រសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍។ ជំពូកទី៥-យុទ្ធសាស្ត្រពង្រឹងគុណភាពទេសចរណ៍ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ជំពូកទី៦-យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងបរិស្ថាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសៀមរាប។ ជំពូកទី៧-យុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍មកខេត្តសៀមរាប។ ជំពូកទី៨-អភិបាលកិច្ចទេសចរណ៍សម្រាប់ខេត្ត។ ជំពូកទី៩-ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត(២០២០-២០៣៥) និងជំពូកទី-១០គម្រោងអភិវឌ្ឍន៍គំរូ។

ឆ្លងតាមកិច្ចពិភាក្សា និងការលើកឡើងរបស់សមាជិកអង្គប្រជុំ បានផ្តោតទៅលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងត្រូវមានការចូលរួមពីសង្គមស៊ីវិល ដោយផ្តោតលើការអភិវឌ្ឍរមណីយដ្ឋានតំបន់បៃតង។

ឯកឧត្តម អ៊ឹង ហឿន ក៏បានមានប្រសាសន៍ថា ការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥នេះ ក្នុងការបង្កើត និងពង្រីកនូវតំបន់រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ នៅតាមបណ្តាមូលដ្ឋានក្រុង ស្រុក គឺត្រូវមានការគិតគូរដល់និរន្តរភាព ក្នុងគោលដៅអភិវឌ្ឍន៍វិស័យទេសចរណ៍។

ឯកឧត្តម អ៊ឹង ហឿន បានគូសបញ្ជាក់ទៀតថា តំបន់រមណីយដ្ឋានមួយចំនួន គឺមិនអាចធានាបាននូវនិរន្តរភាពនោះឡើយ ដូចជា រមណីយដ្ឋានស្ទឹងសៀមរាប ដែលជាស្ទឹងប្រវត្តិសាស្ត្រ បានទទួលប្រភពទឹកពីភ្នំគូលែន តែដោយស្ថានភាពនាពេលបច្ចុប្បន្ននេះ ភ្នំគូលែនបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដែលធើ្វឱ្យបាត់បង់ធនធានធម្មជាតិលើខ្នងភ្នំ ដែលបង្កឡើងដោយសកម្មភាពមនុស្ស និងគ្រោះធម្មជាតិ ដែលមិនអាចធានាបាននូវនិរន្តរភាព ក្នុងការផ្គត់ផ្គង់ទឹកបានទាំងរដូវប្រាំងនិងវស្សា ហើយបានធ្វើឱ្យបាត់បង់នូវសោភណភាពដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក៏ដូចជារមណីយដ្ឋានធម្មជាតិបឹងទន្លេសាប ដែលទទួលប្រភពទឹកពីទន្លេមេគង្គ ហើយមកដល់ថ្ងៃនេះទន្លេសាបបានទទួលរងការរីងស្ងួតផងដែរ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានបញ្ជាក់ថា វិបត្តិទាំងនេះក៏ទទួលរងមកពីការវិវត្តរបស់ធម្មជាតិ ការបម្រែបម្រួលអាកាសធាតុ និងពីកត្តាមនុស្សផងដែរ។ ដោយសារកត្តាទាំងនោះហើយ ដែលធ្វើឱ្យទឹកស្ទឹងសៀមរាបមិនអាចធានានូវនិរន្តរភាពបាន ដែលធ្វើឱ្យតំបន់រមណីយដ្ឋានបាត់នូវនិរន្តរភាព ហើយចីរភាពក្នុងការគ្រប់គ្រងទេសចរក៏ជាចំណោទបញ្ហាចំពោះមុខទៀតផង។ ឯកឧត្តម បានមានប្រសាសន៍ថា ដូច្នេះដើមី្បយើងរៀបចំនូវផែន ការបន្ត ធ្វើឱ្យទៅជាមាននិរន្តរភាពទៅបាន ដោយធ្វើការការពារនូវតំបន់ឧទ្យានភ្នំគូលែន ក្នុងការដាំដុះកូនឈើស្តារឡើងវិញនៅខ្នងភ្នំគូលែន។ ឯកឧត្តមបានបញ្ជាក់ថា ដើមី្បធានាឱ្យខាងតែបាននូវនិរន្តរភាពទាំងនោះ គឺត្រូវមានការចូលរួមពីគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ រួមទាំងសង្គមស៊ីវិលផងដែរ៕

ដោយ៖ហង្ស សៀក