រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម ចាត់ទុកក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា តែងតែចូលរួមចំណែកយ៉ាងសំខាន់ ទាំងសកម្មភាពមនុស្សធម៌ និងអនាម័យបរិស្ថាននៅកម្ពុជា

AKP កែប ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្តរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានចាត់ទុកក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡាគឺតែងតែចូលរួមចំណែកយ៉ាងសំខាន់ទាំងសកម្មភាពមនុស្សធម៌និងអនាម័យបរិស្ថានរួមទាំងវិស័យ ទឹកស្អាតសម្រាប់សិស្សានុសិស្សក្នុងសាលារៀននៅទូទាំងប្រទេសកម្ពុជា។ ការលើកឡើង របស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នេះក្នុងពិធីទទួលអំណោយជាធុងសំរាម ចំនួន៤០ធុង និងសម្ភារ បរិក្ខារ អនាម័យ ពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅសាលប្រជុំ សាលាខេត្តកែប កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០២០។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា សម្រាប់ថ្ងៃនេះគឺជាព្រឹត្តិការណ៍ថ្មីមួយទៀត ក្នុងការផ្តល់ធុងសំរាម ជាសម្ភារ បរិក្ខារ អនាម័យសម្រាប់បែងចែកប្រភេទសំរាមឱ្យបានត្រឹមត្រូវ ជូនដល់រដ្ឋបាលខេត្ដកែបនាពេលនេះ គឺជាសារ ពញ្ញាក់ស្មារតីដល់យុវជន យុវនារី និងប្រជាជនគ្រប់ស្រទាប់វណ្ណ:ឱ្យមានមនសិការខ្ពស់ក្នុងការចូលរួមថែរក្សាបរិស្ថានអនាម័យ និងការរស់នៅស្អាត ជាពិសេសនៅខេត្តកែប ដែលជាខេត្តមានសក្តានុពលខ្ពស់ផ្នែកទេសចរណ៍។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតបានបន្ដថា ដោយសារភាពស្អាតរបស់ខេត្តកែប ទោះបីវិស័យទេសចរណ៍រងផលប៉ះពាល់ជាទូទៅដោយសារមេរោគកូវីដ-១៩ តែសម្រាប់ខេត្តកែប បែរជាទទួលទៅឱកាសផ្នែកទេសចរណ៍នៅក្នុងស្រុកបានមកលេងកម្សាន្ដ និងទទួលបាននូវចំនួនដ៏ច្រើនគួរកត់សម្គាល់ ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតបានបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមាននិរន្តរភាព និងកំណើននោះ ត្រូវសហការគ្នា ដោយត្រូវបណ្តុះគំនិតស្មារតីស្រឡាញ់បរិស្ថានជាចម្បង រួមជាមួយកិច្ចការពារសុវត្ថភាពសណ្តាប់ធ្នាប់សាធារណៈ ការពារតំបន់ឆ្នេរ ការពារគម្របព្រៃ ព្រៃឈើ ព្រៃកោងកាង ឧទ្យានជាតិនិងទប់ស្កាត់បទល្មើសជលផលជាដើម។ ការអនុវត្ដនូវគោលការណ៍ទាំងនេះ ក្នុងគោលដៅដើម្បីរក្សាធនធានជលផលសម្រាប់ផ្គត់ផ្គង់ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្ដកែប ឱ្យកាន់តែច្រើនឡើងថែមទៀត។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីបានណែនាំឱ្យមានការចូលរួមទុកដាក់ ឬចោលសំរាមឱ្យបានត្រឹមត្រូវតាមប្រភេទសំរាម និងធុងសំរាម ជាពិសេសសម្បកវេចខ្ចប់ប្លាស្ទិក ជាប្រភេទសំរាមមានគ្រោះថ្នាក់បំផុតដល់បរិស្ថានទាំងលើគោក និងក្នុងទឹក។ ប៉ុន្តែប្រភេទផ្លាស្ទិកខ្លះ អាចយកមកកែច្នៃបាន ដោយតម្រូវឱ្យទុកដាក់ឱ្យបានត្រឹមត្រូវតាមប្រភេទរបស់វា។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីបានរម្លឹកថា ក្នុងរយ:ពេល១៥ឆ្នាំ កន្លងទៅនេះ ការផលិតផលិតផលពីប្លាស្ទិកគឺមានចំនួនច្រើនជាងកាលពីជាង២ពាន់ឆ្នាំមុន ហើយបើយើងមិនកែច្នៃទេ វាមានផលអាក្រក់បំផុត ខណៈបានហូរចូលក្នុងបរិស្ថាន ទន្លេសមុទ្រ បឹងបួរជាដើម។ តាមការស្រាវជ្រាវ គឺមានប្រមាណ៨លានតោន ដែលបានហូរចូលទន្លេ សមុទ្រជារៀងរាល់ឆ្នាំ និងធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ដល់ជិវិតសត្វក្នុងទឹក និងមនុស្ស ដែលត្រូវរួមគ្នាឱ្យបានខ្លាំងក្លាឡើងថែមទៀត។

ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានចាត់ទុកព្រឹត្តិការណ៍នេះ គឺមានលក្ខណ:ពិសេស និងជាសារមួយដែលមានចារិកជាមនុស្សធម៌ផង និងជំរុញស្មារតីស្រឡាញ់បរិស្ថាន ដែលកើតចេញពីយើងទាំងអស់គ្នា ជាពិសេសក្មួយៗ ប្អូនៗ ដែលមកពីគ្រប់សមាសភាពយុវជននៅទីនេះ។ ឯកឧត្ដមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនកូកា-កូឡាដែលតែងតែគាំទ្រដល់កម្ពុជានិយាយជារួម និងជួយតាមរយ:ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រី្តសម្រាប់បម្រើនូវសកម្មភាពនានាដូចជា ទាក់ទងនឹងគ្រោះមហន្តរាយ កិច្ចការពារបរិស្ថាន អនាម័យ និងវិស័យទឹកស្អាតជាដើម។

លោក David Wigglesworth អគ្គនាយកក្រុមហ៊ុន ភេសជ្ជៈកម្ពុជាកូកា-កូឡាបានបង្ហាញនូវស្មារតីចូលរួមការពារបរិស្ថានរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមទទួលខុសត្រូវសង្គមក្នុងសកម្មភាពផ្សេងៗទៀត និយាយជារួម និងជាមួយខេត្តកែប គឺជាខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍ ដែលយើត្រូវយកចិត្តទុកដាក់ការពារបរិស្ថានកម្រិតខ្ពស់។ លោកបានបន្ដថា ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុនបានប្រគល់ធុងសំរាម ដែលជាសម្ភារ បរិក្ខារ អនាម័យ ជូនដល់រដ្ឋបាលខេត្តកែប តាមរយៈឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជាប្រធានក្រុមការងារចុះជួយខេត្តកែប ក្រោមគំនិតផ្តួចផ្តើមមួយ ក្នុងគំនិតផ្ដួចផ្ដើមជាច្រើនទៀត ក្នុងការជំរុញឱ្យមានការប្រមូល និងកែច្នៃសំរាមប្លាស្ទិកនានា។
លោកអគ្គនាយកបានលើកឡើងថា ក្រុមហ៊ុនក៏សូមធ្វើការចែករំលែកនូវគំនិតផ្តួចផ្តើមចំនួនពីរ ទី១- ការផ្តល់ធុងប្រមូលសំរាមមួយចំនួន ដែលធុងនេះនឹងមានការបែងចែកប្រភេទ ដែលត្រូវបោះចោល និងត្រូវប្រមូល និងទី២- ដបទឹក Dasani ដែលយើងដាក់ជូនពិសារនាថ្ងៃនេះ គឺផលិតដោយសម្បកវេចខ្ចប់កើតឡើងពីការកែច្នៃពីផលិតផលប្លាស្ទិក១០០ភាគរយ ហើយទៅថ្ងៃមុខ ក្រុមហ៊ុនឹងនៅតែបន្តកិច្ចការនេះទៅមុខទៀត៕

ដោយ៖រិទ្ធី