កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា លើលទ្ធកម្មសម្ភារដោះមីន

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើលទ្ធកម្ម សម្ភារដោះមីន ដែលចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចព្រមព្រាងនេះ រដ្ឋាភិបាលឥណ្ឌាផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ ការអនុវត្តន៍ថវិកាចំនួន ១,៥លានដុល្លារអាម៉េរិក សម្រាប់ការផ្តល់ឧបករណ៍ដោះមីន។ ជំនួយឥតសំណងចំនួន ១,៥លានដុល្លារអាម៉េរិកនេះ ផ្តល់ដល់កងយោធពលខេមរភូមិន្ទ (RCAF) ក្នុងការបង្កើនសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទនៅក្នុងប្រតិបត្តិការរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ និងបេសកកម្មមនុស្សធម៌។ ជំនួយនេះត្រូវបាន ប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា មកកម្ពុជា នាឆ្នាំកន្លងទៅ។

លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធា រណរដ្ឋឥណ្ឌា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ ការពារជាតិរវាងប្រទេស ទាំងពីរកំពុងពង្រឹង និងពង្រីក ហើយកិច្ចខិតខំប្រឹងប្រែងនេះ ក៏កំពុងបន្តដើម្បីលើកកម្ពស់ វិសាលភាព និងសក្តានុពលនៃការចូលរួមជាមួយគ្នានាពេលអនាគត។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយដល់កងយោធពល ខេមរភូមិន្ទនាពេលនេះ៕ ដោយ៖សំ សាម៉ន