បទយកការណ៍៖ ទឹកដោះគោខ្មែរចាប់ផ្តើមឈានជើងចូលទីផ្សារក្នុងស្រុក នាសប្តាហ៍នេះដោយក្ដីសង្ឃឹមថា នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ

AKP តាកែវ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០​ ​–

ដើម្បីបំពេញតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែចាប់អារម្មណ៍ក្នុងការលើកកម្ពស់សុខភាព និងថែទាំរូបសម្រស់ ស្របពេលដែលការជ្រើសរើសប្រើប្រាស់គ្រឿងឧបភោគ បរិភោគប្រកបដោយគុណភាព មានរសជាតិឆ្ងាញ់ និងមិនប៉ះពាល់ដល់សុខភាពនោះ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. របស់កសិដ្ឋានគិរីសួគ៌ ដែលផលិតនូវទឹកដោះគោស្រស់ បានចាប់ផ្តើមឈានជើងចូលមកចែកចាយលក់នៅលើទីផ្សារក្នុងស្រុក នាសប្តាហ៍នេះ ដោយបង្ហាញក្តីសង្ឃឹមថា នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ទឹកដោះគោគិរីសួគ៌ផលិតចេញពីកសិដ្ឋានចិញ្ចឹមគោមួយកន្លែង ស្ថិតនៅក្នុងភូមិ ឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្បែររមណីយដ្ឋានភ្នំតាម៉ៅ ដោយមានបំពាក់នូវបច្ចេកវិទ្យាទំនើបមកពីប្រទេសអ៊ីស្រាអែល ចាប់ផ្តើមលេចមុខតាមផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ។ ការបោះជំហានក្នុងដំណាក់កាលដំបូងនេះ ត្រូវបានអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុននេះ មើលឃើញពីវិសាលភាពប្រកបដោយសក្កានុពលដើម្បីចាប់យកចំណែកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយបំផុត ខណៈក្រុមហ៊ុនហាងនំមួយចំនួនបានបញ្ជាទិញផលិតផលិតចេញពីទឹកដោះគោនេះទុកជាមុនស្រេចហើយនោះ។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. ​និ​ង​ជា​ប្រ​តិ​ប​ត្តិ​ក​រ​​ ក​​សិ​​ដ្ឋានគិរីសួគ៌បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីចុងសប្តាហ៍កន្លងទៅ​នេះថា ផ​​លិ​ត​ផលទឹ​កដោះគោដែលនឹងចេញលក់នាពេលនេះមានពីរប្រភេទ​គឺទឹកដោះគោ​សុទ្ធ​ដែលមាន​ចំណុះ​៨​៣​០​​មិល្លីលីត្រ និងចំណុះ២លីត្រ និងទឹកដោះគោជូរ ឬយ៉ាអួ​រ ដោយ​ដំណើរការក្នុងខែ​សីហានេះ ​ប្រ​ហែ​ល​២ពាន់លីត្រក្នុងមួយថ្ងៃ ហើយកើនជាបន្តបន្ទា​ប់​ចាប់ពី​ខែ​កញ្ញាខាងមុខ​អា​​ចកើ​ន​​​ដ​ល់​៤​ ឬ​៥​ពា​ន់​លី​ត្រ​ក្នុ​ង​មួ​​យ​​ថ្ងៃ។ ចំណែកនៅក្នុង​ខែវិច្ឆិកា​ខាង​មុខ អាចបង្កើនការផលិតរហូតដល់មួ​យម៉ឺនលីត្រក្នុងមួយថ្ងៃ។

នាយកប្រតិបត្តិ ក្រុមហ៊ុនរូបនេះបានមានប្រសាសន៍ដោយភាពជឿជាក់ថា “ចំពោះ​ការនាំយកទៅទីផ្សារ យើងគិតថា អត់មានបញ្ហាទេ ពី​ព្រោះ​បើ​យើ​​ងប្រៀបធៀបទឹកដោះ​គោ​​នាំចូល ទី១យើងប្រើ​បច្ចេក​ទេសទំនើប មិនចាញ់ផលិតកម្មរបស់​ប្រ​ទេស​ផ្សេង​ៗ ហើយអា​ច​ល្អ​ជា​ង​​ពីព្រោះយើងប្រើ​បច្ចេកទេសចុងក្រោយ។ ធម្មតាយើងប្រើ​ប​ច្ចេ​ក​ទេ​ស​ចុងក្រោយ យើង​ផ​​លិតក្រោយ​គេអាចល្អជាងអាមុនៗ។ ទី២ទឹកដោះគោយើងសុ​ទ្ធ​ហើ​យ​ស្រ​ស់​ យើងទា​មទា​រ​រ​យៈ​​ពេល​តែ​ប៉ុន្មានម៉ោងទេចេញពីគោទៅដល់ទីផ្សារ អត់ដូចទឹក​ដោះ​គោ​ផ្សេ​ង​ៗចំ​ណា​យ​ពេ​ល​យ៉ា​​ង​យូរដើម្បីនាំចូលពីប្រទេសផ្សេង ដែលអាចនឹងចំណាយពេលវេលាយូរក្នុងការ​ដឹកជញ្ជូន”។

លោកសង្ឃឹមថា ភាពស្រស់របស់ទឹកដោះគោយើង និងបច្ចេកទេសរបស់យើងផលិត​ទឹ​ក​ដោះ​គោដែលល្អ ហើ​យ​ការជ្រើសពូជគោបានល្អ ព្រមទាំងមានអ្នកបច្ចេកទេសដ៏ល្អពី​ប្រទេស​​អ៊ី​ស្រា​អែល លើគ្រប់គ្រប់ផ្នែក ទាំងផ្នែកដាំដុះ ផ្នែកចិញ្ចឹមគោ ពេ​ទ្យ​ស​ត្វ និងខាង​សង្វាក់ផលិតកម្មគឺជនជាតិអ៊ីស្រាអែលជាអ្នកកាន់ផ្ទាល់។ លោកបានបញ្ជាក់ថា “ពួកគា​ត់​បង្រៀ​ន​ប្រ​ជា​ជ​​ន​​យើ​ងឱ្យធ្វើ ដូច្នេះសង្ឃឹមថា ផលិតផលយើងនឹងទទួលស្គាល់ ​ហើយ​សង្ឃឹមថា ខ្មែរនឹ​ង​ជួ​យ​​​​ខ្មែរក្នុងការជំរុញផលិត​ផ​លរបស់​យើ​ង​ឱ្យ​បា​ន​ល្អ​ប្រសើរ”។

ដោយឈរចង្អុលបង្ហាញក្រោលគោទាំង៧ នៅលើផ្ទៃដីធំល្វឹងល្វើយ៣០០ហិកតា ដែល​មា​ន​ក​ន្លែ​ង​ដាក់គោសម្រាប់យកទឹកដោះ កន្លែងដាក់គោស្ទាវ កន្លែងដាក់កូនគោ​ទើប​នឹងកើត​ កន្លែ​ង​ពិ​សោ​​​ធ​ន៍ កន្លែងបំពាក់សម្ភារតេស្តទឹកដោះគោ ផលិតទឹកដោះគោ និងវាលដាំ​ស្មៅ​ស​ម្រា​ប់​ជា​ចំ​ណី​គោ​នោះ ​លោក ឈរ រិទ្ធី បានឱ្យដឹងថា គោ​នឹងផ្តល់ទឹកដោះកា​​ន់​តែ​ច្រើ​ន​ពី​មួ​យ​ខែ​ទៅ​មួ​យ​ខែ​ដោ​យ​សា​រគោមានចំនួន៥៥០ក្បាលដែលបានដឹកយកមកពី​ប្រទេសអូស្ត្រាលី​កាលពីដើមឆ្នាំ២០២០​ ក្នុងនោះគោខ្លះកើត​កូ​ន​​​ហើ​យ គោ​ខ្លះនៅ ខ្លះ​មាន​ផ្ទៃពោះបីខែខ្លះ ខ្លះមានបីខែបួនខែ និងមាន​ផ្ទៃ​ពោះ​កើត​កូ​ន​ជា​ប​ន្ត​ប​ន្ទា​ប់​គ្នា។

ឆ្លើយនឹងសំណួរថា តើក្រុមហ៊ុនទឹកដោះគោទើបបើកថ្មី សម្លឹងឃើញ​ចំណែកទី​ផ្សា​រ​បែ​ប​ណា​នៅក្នុងប្រទេសកម្ពុជា​​កម្ពុជា លោក ឈរ​ រិទ្ធី ឆ្លើយដោយមិនបង្អង់​ថា “យើង​ព្យា​យាមធ្វើនៅក្នុងស្រុកយើងសិន ​ដូ​ច​​ខ្ញុំប្រា​ប់អញ្ចឹង ផលិត​១​ម៉ឺ​ន​លី​ត្របាន​២០ភាគរយ​នៃ​ទីផ្សារ​​ប៉ុណ្ណោះ​ ដូច្នេះ​ស​ល់​​៨​០​ភា​គ​រយ​ទៀ​ត​ដែលយើងត្រូ​វ​បំ​ពេ​ញ​​បន្ថែមនៅសល់ច្រើន​ណាស់”។ ដោយឡែកការដោះស្រាយនឹងពាក្យលើកឡើងមួយចំនួនដែលថា ទំនិញផលិត​នៅ​ក​ម្ពុ​ជា​មិនសូវទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់នោះ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. ប្តេជ្ញាប្រើ​​យុ​ទ្ធ​សា​ស្ត្រផ្លាស់​ប្តូរ​ផ្ន​ត់​គំ​និ​ត​ប្រជាពលរដ្ឋ​ដោយធ្វើ​កន្លែង ដើម្បី​ឱ្យ​ពួក​គា​ត់​អាចទៅ​ពិ​និ​ត្យ​មើ​លពីសង្វាក់ផលិតកម្មរបៀបនៃការផលិត​ទឹកដោះ​ផ្ទាល់តែម្តង។

លោកបានកត់សម្គាល់ឃើញថា នេះជាមោទនភាពមួយដ៏ធំធេងដែលក្រុមស្ថាបនិក​នៃ​ក្រុម​ហ៊ុន Khmer Fresh Milk Co​.​, ​L​td. ក្នុងនាមជាកូនខ្មែរមានសមត្ថភាពដឹកនាំបង្កើតរោង​ច​ក្រ​ខ្លួ​ន​ឯ​ងចំពេលដែ​លនិ​ន្នា​កា​រ​នៃ​កា​​រ​ងាកមក​គាំទ្រផលិតផលក្នុងស្រុកកាន់តែកើនឡើង​នាពេល​បច្ចុប្បន្ន។ ទន្ទឹមនេះ កន្លងមក ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. ក៏ធ្លាប់ស្ទង់​ស្ទាប​ពីចំណូល​ចិត្តរបស់ពលរដ្ឋតាមរ​យៈ​កា​រ​ប​ង្ហោះ​ផ​លិ​​ត​​ផលទឹកដោះគោនេះ តាម facebook ឬតាម Media មួយចំនួន​ ជាលទ្ធផលស​ន្ទុះ​នៃ​កា​រគាំទ្រ​ផ​លិ​ត​ក្នុ​ង​ស្រុ​ក​របស់យើងមាន​ច្រើន​ហើយក៏មានអ្នកសួររកទិញច្រើនដែរ។

កំពុងតែភ្លក់រសជាតិទឹកដោះគោជូរបណ្តើរនិយាយជាមួយក្រុមការងារ AKP បណ្តើរ លោក ឈរ រិទ្ធី និយាយដោយភាពម៉ឺងម៉ាត់ថា “ជាកូនខ្មែរម្នាក់ដែរយើងមានមោទនភាពដែលយើងអាចធ្វើបាននូវកសិដ្ឋានដ៏ធំ ហើយទំនើបមួយនេះ ហើយជាពិសេសខ្ញុំសូមអរគុណចំពោះរាជរដ្ឋាភិបាលដែលបានជួយជ្រោមជ្រែងការងាររបស់ពួកយើងខ្ញុំក្នុងការសម្រួលដូចជា ការនាំគោចូល ហើយមួយរយៈនេះដោយសារមានជំងឺកូវីដ-១៩ យើងអរគុណដល់ រាជរដ្ឋាភិបាលដែលបានជួយសម្រួលវីសាឱ្យក្រុមបច្ចេកទេសអាចចូលមកក្នុងប្រទេសកម្ពុជាដើម្បីដំឡើងម៉ាស៊ីនទាន់ពេលវេលា។ យើងសង្ឃឹមថា អតិថិជនទាំងអស់ដែលជាខ្មែរដូចគ្នានឹងជួយគាំទ្រផលិតផលក្នុងស្រុកនឹងមានឱកាសភ្លក់នូវរសជាតិ និងផ្តល់នូវស្នាមញញឹមដល់ទឹកដោះគោរបស់ខ្មែរយើង”៕ អត្ថបទ៖ គង់ សិរីរ័ត្ន រូបថត៖ អ៊ុន រិទ្ធី