ទីផ្សារ​ទេសចរណ៍​តូច​បំផុត​និង​ធំ​បំផុត​របស់​កម្ពុជា​នៅ​ឆមាស​ទី​១​ដើមឆ្នាំ​២០២០

AKP ភ្នំពេញ ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២០ —

​ទីផ្សារ​ទេសចរណ៍​ធំ​ទាំង​៦​របស់​កម្ពុជា​នៅ​ឆមាស​ទី​១ ឆ្នាំ ២០២០ នេះ គឺមាន ចិន វៀតណាម ថៃ អាមេរិក កូរ៉េខាងត្បូង អង់គ្លេស និង បារាំង ប៉ុន្តែ​ភ្ញៀវទេសចរ​បរទេស​ដែល​តូច​ជាង​របស់​កម្ពុជា​គឺ ទី​ម័​រ ម៉ូ​ណា​កូ ចិន​ម៉ា​កាវ ប៊ូ​តាន អាហ្គានីស្ថាន និង ហ្វី​ជី ។

​តួរ​លេខ​លេខ​បាន​បង្ហាញថា នៅ​ឆមាស​ទី​១​ឆ្នាំ ២០២០ ចិន​មក​កម្ពុ​ជាមាន​ចំនួន សរុប ២៧៥.៦៧៣ នាក់ ថយចុះ ៧៨,៧ ភាគរយ​, វៀតណាម មក​១៧៩.៦៩៨ នាក់ ថយចុះ ៥៥,៣ ភាគរយ​, ថៃ មក​មាន​ចំនួន ១៦១.០៨៤ នាក់ ថយចុះ​៧,៦ ភាគរយ , អាមេរិក​មក ៥៣.២៣៨ ថយចុះ ៥៩,៧ ភាគរយ , កូរ៉េខាងត្បូង ចំនួន ៥២.៦១៣ នាក់ ថយចុះ ៦២,២ ភាគរយ​, អង់គ្លេស ចំនួន ៤៤.៣២៦ នាក់ ថយចុះ ៥០,២ ភាគរយ និង បារាំង​ចំនួន ៤១,៨៣៨ ថយចុះ ៥១,៧ ភាគរយ ។

​តួលេខ​បាន​បង្ហាញថា ជនជាតិ​ទី​ម័​រ​មកកាន់​កម្ពុជា​នៅ​ឆមាស​ទីមួយ​ឆ្នាំ ២០២០ នេះ គឺមាន​ត្រឹមតែ ២០ នាក់​ប៉ុណ្ណោះ ថយចុះ​រហូតដល់​ទៅ ៧៩,៦ ភាគរយ , បន្ទាប់មក គឺ ម៉ូ​ណា​កូ មាន​ចំនួន ២៧ នាក់ ថយចុះ ៣៥,៧ ភាគរយ​, ចិន​ម៉ា​កាវ មាន​ចំនួន ៣០ នាក់ ថយចុះ ៧៩,៣ ភាគរយ​, ប៊ូ​តាន មាន តែ ៤២ នាក់​ថយចុះ ៧២,៤ ភាគរយ , អាហ្គានីស្ថាន មាន​ចំនួន ៤៧ នាក់ គឺ​ថយចុះ ៦៧,៤ ភាគរយ​, និង ហ្វី​ជី ចំនួន ៧៥ នាក់ ថយចុះ ៦១,៧ ភាគរយ ។

​យោងតាម​របាយការណ៍​ទេសចរណ៍​ឆមាស​ទីមួយ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ជារួម​ភ្ញៀវទេសចរ បរទេស​មក​កម្ពុជា​ធ្លាក់ចុះ ដល់​ទៅ ៦៤ ភាគរយ ដោយ​ថយចុះ ពី ៣ លាន​នាក់​កាលពី​ឆមាស​ទី​១ ឆ្នាំ ២០១៩ មក​នៅត្រឹមតែ ១,១៨ លាន​នាក់​នៅ​ឆមាស​ទី​១ ឆ្នាំ ២០២០ ដោយសារតែ​កូ​វីដ ១៩៕ ​ដោយ ហេង បញ្ញា​