ប្រជាពលរដ្ឋក្រីក្រ​ជាង៥០គ្រួសារ នៅក្រុងសិរីសោភ័ណបានទទួលអំណោយ​​របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០

ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរាគ្មានទីពឹងជាង៥០គ្រួសារនៅក្នុងក្រុងសិរីសោភ័ណ​​បាន​ទទួល​អំណោយជាស្បៀងអាហារសម្ភារប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ដើម្បី​ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃដែលកំពុងជួបការលំបាកដោយសារតែវិបត្តិជំងឺ​កូវីដ-១៩​ដែលកំពុងរាតត្បាតជាសកលនៅលើពិភពលោកនេះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០បានអញ្ជើញចុះសួរ​សុខទុក្ខសំណេះសំណាល​និងចែកចែកអំណោយដល់ប្រជាពល​​រដ្ឋក្រក្រីចំនួនជាង៥០គ្រួសារក្នុងក្រុងសិរីសោភ័ណនេះ ដោយក្នុង​គ្រួសារៗទទួលបានអង្ករ ចំនួន ២០គីឡូក្រាម, ទឹកត្រី ​ ០១យួរ, ទឹកស៊ីអ៊ីវ ​ ០១យួរ, ត្រីខ​ ០១យួរ, មី ​ ០១កេស ,សាប៊ូ​ ០៤ដុំ, ក្រមា ​ ០១ និងថវិកា១០,០០០ រៀលផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ទោះបីអំណោយដែលបានចែកជូន​ដល់បង​ប្អូនប្រជាពលរដ្ឋជួបបញ្ហាខ្វះខាតស្បៀងអាហារនាពេលនេះតិចតួចក្ដី តែនេះគឺជាសក្ខីភាព មួយសបញ្ជាក់ឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តក្នុង​ការ​ជួយដោះស្រាយដល់ប្រជាពលរដ្ឋយើងដែលកំពុងរងប៉ះពាល់ដោយសារជំងឺកូវីដ-១៩នេះ​ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារទទួលទាននោះទេ។

ឯកឧត្តម អភិបាលខេត្តបានសុំឱ្យប្រជាពលរដ្ឋទាំងអស់ ដែលបានមកទទួលអំណោយក៏ដូចជា​ប្រជា​ពល​​រដ្ឋដែលកំពុងរស់នៅក្នុង​​ទូទាំងខេត្ត សូមមេត្តា​បន្តការយកចិត្តទុកដាក់ចូលរួមទាំងអស់គ្នា​​ធ្វើអនាម័យដោយប្រមូលរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សម្អាតរក្សាបរិស្ថានបំបាត់​ជម្រកមូសខ្លាក្នុងសហគមន៍ឱ្យបានល្អជាពិសេសក្នុង​​ដំណាក់កាលជំងឺកូវីដ-១៩ ដែលកំពុង​រាតត្បាតជាសកលនេះសុំបន្តអនុវត្តន៍វិធានអនាម័យឱ្យ​បានជាប់ជាប្រចាំគឺរស់នៅស្អាត​ហូប​ចុកស្អាតបរិស្ថានល្អជាពិសេសអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលគឺលាងដៃឱ្យបានញឹកញាប់ពាក់ម៉ាស់និងរក្សាគម្លាតសង្គមគម្លាតបុគ្គលឱ្យបានល្អដើម្បីរួមគ្នាទប់ស្កាត់និងការពារ ការរីករាលដាលជំងឺកូវីដ-១៩ចូល មកក្នុងសហគមន៍នោះ៕

ដោយ ឈុន សារ៉ាត