កម្ពុជាប្រារព្ធពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០–

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានប្រារព្ធពិធីប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង និងការរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយពិធីដ៏ធំនេះត្រូវបានប្រារព្ធធ្វើឡើង នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានថ្លែងថា ស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង និងបាវចនា (ឬពាក្យស្លោក) បានឆ្លងកាត់ការពិភាក្សាជាច្រើនលើករបស់គណៈអចិន្ត្រៃយ៍ CAMSOC ហើយសម្រេចបានកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំធំប្រចាំឆមាសទី១នូវជ័យលាភីស្នាដៃ ដែលម្ចាស់ជ័យលាភីទាំងពីររូបទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ៗ ២០លានរៀល នាពេលនេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានពន្យល់នៃបាវចនា ឬពាក្យស្លោក នៃស៊ីហ្គេម ឆ្នាំ២០២៣ គឺ «កីឡារស់ក្នុងសន្តិភាព-SPORT LIVE IN PEACE» ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅនៃគុណតម្លៃដ៏ធំធេងនៃសន្តិភាព ហើយខ្លឹមសារនៃស្លាកសញ្ញា និមិត្តសញ្ញាបានបង្កប់ដោយអត្ថន័យ អត្ថរូបចំពោះថាមពលនៃវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិដ៏ត្រចះត្រចង់របស់ខ្មែរគ្រប់ជំនាន់។ នៅក្នុងរូបនាគព័ន្ធបានបង្ហាញនូវស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ ដែលជា សមាជិកស៊ីហ្គេម។ រីឯរូបតំណាង (Mascot) ជាសុភាទន្សាយញីឈ្មោល ដែលមានឈ្មោះថា បុរី និងរំដួល ដែលតួអង្គ តំណាងទាំងពីរបង្ហាញនូវស្នាមញញឹមរួសរាយរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាភ្ញៀវស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សម្លៀកបំពាក់នៃរូបនិមិត្តសញ្ញា គឺជាកីឡាករ កីឡាការិនីគុនល្បុក្កតោ ដែលជាប្រភេទកីឡាអត្តសញ្ញាណជាតិ ដោយកំពុងស្នើសុំចុះបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ថ្ងៃនេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែល CAMSOC បានរៀបចំពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា យើងនៅសល់តែ១០០០ថ្ងៃតែ ប៉ុណ្ណោះ ដែលកម្ពុជាកំពុងរៀបចំនូវដំណើរការជាបន្តបន្ទាប់ឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ១០០០ថ្ងៃ គឺជាពេលវេលាដ៏មានតម្លៃបំផុត ក្នុងការត្រៀមខ្លួនរបស់គណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធ។

CAMSOC កំពុងធ្វើ ដំណើរដោយស្វាហាប់ ក្នុងការបង្កើនគុណភាពបច្ចេកទេសឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដើម្បីជំរុញល្បឿនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទាំងប្រទេស សម្តេចពិជ័យសេនាបានស្នើអភិបាលរាជធានី ខេត្តទាំងអស់ ដែលជាអនុប្រធាន CAMSOC ស្តីពីការចូលរួមការពារកម្មសិទ្ធិបញ្ញា ស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង ដែលជាទ្រពសម្បត្តិរបស់ CAMSOC ដែលមិនអាចឱ្យជនណា ឬក្រុមណាមួយអាចយកទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាតនោះឡើយ។

សម្តេចប្រធានCAMSOC ផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ឱ្យឯកឧត្តម លោកជំទាវ ដែលជាអភិបាលរាជធានី-ខេត្តទាំងអស់ ដែលជាអនុប្រធាន CAMSOC ត្រូវចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញា និមិត្តសញ្ញាផ្សព្វផ្សាយការយល់ដឹងពីការរៀបចំស៊ីហ្គេមរបស់កម្ពុជាជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយភ្ជាប់ជាមួយនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ កាត់បន្ថយគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធាន CAMSOC រួមមាន៖ ទី១ ចូលរួមថែរក្សាការពារ កម្មសិទ្ធិបញ្ញាស្លាកសញ្ញា និមិត្តសញ្ញា។ ទី២ សហការជាមួយអគ្គលេខាធិការដ្ឋានយកស្លាកសញ្ញា និមិត្តសញ្ញាទៅរៀបចំបោះពុម្ពផ្សាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយភ្ជាប់ជាមួយនឹងខ្លឹមសារនៃបាវចនា កីឡារស់ក្នុងសន្តិភាព និងខ្លឹមសារ «យុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ កាត់បន្ថយគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។

ទី៣-អាជ្ញាធររាជធានី-ខេត្តរៀបចំធ្វើស្លាកប៉ាណូធំៗនូវស្លាកសញ្ញា និមិត្តសញ្ញា នៅតាមសួនសាធារណៈយ៉ាងហោចណាស់ឱ្យបានមួយ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានោះ សម្តេចប្រធានក៏បានឱ្យ បោះពុម្ពនូវស្លាកសញ្ញានៅកន្លែងហ្វឹកហាត់នៃក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡា ដើម្បីជំរុញចិត្តសាស្ត្រកីឡារបស់ក្រុមអត្តពលិកជម្រើសជាតិឆ្ពោះទៅដណ្តើមភាពជោគជ័យជាប្រវត្តិសាស្រ្តក្នុងឋានៈជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣។

សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១០០០ថ្ងៃគត់។

រីឯទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ ប្រមាណ២សប្តាហ៍ ដែលមានកាលបរិច្ឆេទពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

ដោយ ហេង ណាលីន រូបថត៖ ខឹម សុវណ្ណារ៉ា