កម្ពុជា​ប្រកាស​រាប់​ថយក្រោយ​សម្រាប់​ដំណើរ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​នៅ​២០២៣

AKP ភ្នំពេញ ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២០ —
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ហៅ​កាត់ គ​.​ជ​.​ប​.​អ​. នៅ​រសៀល​ថ្ងៃនេះ បានរៀបចំ​ពិធី​រាប់​ថយក្រោយ​១.០០០​ថ្ងៃ នៃ​ដំណើរ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នា​ឆ្នាំ​២០២៣​ខាងមុខ ។

​ពិធី​នេះ​ក៏​ត្រូវបាន​រៀបចំឡើង​រួមគ្នា​ជាមួយនឹង​ពិធី​ប្រកាស​ពានរង្វាន់​ជូន​ជ័យលាភី ស្លាក​សញ្ញា​-​និមិត្តសញ្ញា ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ផងដែរ ។

​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ជ​.​ប​.​អ ។

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គ​.​ជ​.​ប​.​អ​. បាន​គូស​បញ្ជាក់ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​កាលពីពេល​ថ្មីៗ​នេះ​ថា មហា​ព្រឹត្តិការណ៍​នា​ឆ្នាំ ២០២៣ នឹង​រៀបចំឡើង​ក្រោម​បាវចនា​របស់​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គឺ «​កីឡា​រស់ក្នុង​សន្តិភាព​»​។​

​សូមបញ្ជាក់ថា ដំណើរ​ឆ្ពោះទៅ​រៀបចំ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​ចាប់​រាប់​ពីថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២០ តទៅ​រហូតដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ពិធី​បើក​ជា​ផ្លូវការ មាន​ចំនួន​១.០០០​ថ្ងៃ​គត់​។ រីឯ​ពិធី​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (​កីឡា​ជនពិការ​) លើក​ទី​១២ ឆ្នាំ​២០២៣ បន្ទាប់ពី​បញ្ចប់​ស៊ី​ហ្គេម លើក​ទី​៣២ រយៈពេល​ជាង​១០​ថ្ងៃ ដែលមាន​កាលបរិច្ឆេទ​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣៕ ​ដោយ ហេង បញ្ញា និង ហេង ណា​លិ​ន​