តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់សម្ភារប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងឃុំបិតត្រាំង

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានធ្វើការជួយបរិច្ចាគម្តងទៀតថែមទាំងតែងតែគាំទ្រយ៉ាងរឹងមាំចំពោះប្រជាពលរដ្ឋឃុំបិតត្រាង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈពេលដែលក្រុងព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំង ដែលគ្រួសារមួយចំនួននៅឃុំបិតត្រាំង ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារភ្លៀងធ្លាក់នេះ ជាពិសេសគ្រួសារក្រីក្រ កំពុងស្ថិតក្នុងស្ថានភាពកាន់តែលំបាក។ ក្នុងពេលបានទទួលព័ត៌មាននេះ  ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិនបានផ្តល់ជំនួយភ្លាមៗដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ។

លោកCHEN JIANGANG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងលោកCAO JIANJIANG អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានដឹកនាំបុគ្គលិកក្រុមហ៊ុននិងសមាជិកអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិនចូលរួមបរិច្ចាគអង្ករ ភួយ មុង និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជូនដល់អ្នករងគ្រោះ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។

លោក CHEN JIANGANG បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់និងការគាំទ្រពីសាលាឃុំបិតត្រាំង និងប្រជាពលរដ្ឋដែលរស់នៅឃុំបិតត្រាំង ទៅដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ខ្លាំងជាច្រើនដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យើងខ្ញុំសង្ឃឹមថាសកម្មភាពនេះអាចជួយដល់ប្រជាពលរដ្ឋដែលរស់នៅឃុំបិតត្រាំងត្រឡប់មករកជីវិតធម្មតាវិញយ៉ាងឆាប់រហ័ស។

លោក មាច ចាន មេឃុំបិតត្រាំង បានថ្លែងអំណរគុណ ចំពោះការបរិច្ចាគពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន។ លោកមេឃុំបានឱ្យដឹងថាជំនន់ទឹកភ្លៀងបានបណ្តាលឱ្យខូចខាតដល់ផ្ទះនិងដីស្រែចម្ការរបស់អ្នកភូមិ ហើយតាមរយៈសម្ភារទាំងអស់នេះបានជួយបំពេញតម្រូវការជាបន្ទាន់នាពេលបច្ចុប្បន្នដែលនេះដែលអាចជួយកាត់បន្ថយនូវការលំបាក់របស់អ្នកភូមិផងដែរ។

សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវបានសាងសង់និងអភិវឌ្ឍន៍អស់រយៈពេល១០ឆ្នាំជាងហើយក្នុងអំឡុងពេលនេះ ក្រុមហ៊ុនបានប្រកាន់ខ្ជាប់គំនិតដែលផ្តល់លទ្ធផលនៃការអភិវឌ្ឍជូនទៅប្រជាពលរដ្ឋវិញធ្វើឱ្យប្រជាជនក្នុងតំបន់ទទួលបានផលប្រយោជន៍ពិតប្រាកដនិងមានសុភមង្គល។ ទន្ទឹមនេះ មិនត្រឹមតែបរិច្ចាគដល់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ថែមទាំងបង្កើតអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន ដែលបានធ្វើសកម្មភាពសប្បុរសធម៌នានាដូចជាបរិច្ចាគទៅសាលារៀនជួយអ្នកទន់ខ្សោយនិងជួយជនក្រីក្រ។ ក្រៅពីនេះ នៅពេលជំងឺរកូវីដ១៩បានផ្ទុះឡើងក្នុងឆ្នាំនេះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរកូវីដ-១៩នេះដូចជាត្រួតពិនិត្យនិងធានាគ្មានអ្នកឆ្លងនៅក្នុងតំបន់។ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បានបំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្មដូចជាបរិច្ចាគសម្ភារវេជ្ជសាស្រ្តដល់ក្រសួង ស្ថាប័ននានាដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ដោយ រិទ្ធី