កីឡាករជម្រើសជាតិទោចក្រយាន យឿន ភីយុទ្ធ រីករាយនឹងការប្រកួតកង់ភ្នំឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០

កីឡាករជម្រើសជាតិទោចក្រយាន យឿន ភីយុទ្ធ មានក្តីរីករាយយ៉ាងខ្លាំង ដែលសហព័ន្ធខ្មែរកីឡាទោច យាន សម្រេចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងកង់ភ្នំ (​Cambodian Mountain Bike Series) ឡើង​វិញ​ក្នុងឆ្នាំ​២០២០នេះ ក្រោយពីបានផ្អាកដោយសារវិបត្តិកូវីដ-១៩។

លោកបង្ហាញក្ដីរំពឹងថា ព្រឹត្តិ​ការ​ណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ ឱកាសដល់ អត្តពលិកទោចក្រយានកម្ពុជាបានបញ្ជេញសមត្ថភាព ដោយសារការរៀបចំលើកដំបូងរបស់សហព័ន្ធ នា ចុងឆ្នាំ២០២០នេះ។ លោកបានបញ្ជាក់ថា “ខ្ញុំគិតថាការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងកង់ភ្នំ​ឡើង​វិញនេះ ពិតជាល្អណាស់​​សម្រាប់កីឡាករ កីឡាករ កីឡាការិនីកម្ពុជា ព្រោះនេះគឺជាព្រឹត្តិការណ៍​ដំបូង​ក្នុងឆ្នាំ២០២០ ក្រោយពីសហព័ន្ធផ្អាកសកម្មភាព៥ទៅ៦ខែ ដោយសារតែកូវីដ-១៩។ យើងសប្បាយចិត្ត ព្រោះមានកីឡាករ កីឡាការិនីចុះឈ្មោះចូលរួមច្រើន ប៉ុន្តែយើងក៏នាំគ្នាគោរពលក្ខខណ្ឌរៀបចំដែរ ដើម្បី​ចូលរួមទប់ស្កាត់មេរោគកូវីដ-១៩”។

សម្រាប់កីឡាករ យឿន ភីយុទ្ធ នៅតែបន្តប្រកួតលើប្រភេទវិញ្ញាសា Class A1 ដែលជាវិញ្ញា​សា​កម្រិតអាជីព ព្រោះរូបគេធ្លាប់ជាម្ចាស់ជើងឯកវិញ្ញាសាមួយនេះផងដែរ កាលពីពេលកន្លងទៅ។​

បើតាមការបញ្ជាក់ពីអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន បញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំឆ្នាំ​២០២០នេះ សហព័ន្ធខ្មែរនឹងរៀបចំតែ៣ដំណាក់កាលតែប៉ុណ្ណោះ ខណៈរាល់ ឆ្នាំ សហព័ន្ធរៀបចំព្រឹត្តិការណ៍នេះ៥ដំណាក់កាលលើទីលានធំៗចំនួន៥ទូទាំងប្រទេស ដូចជា៖ ទីលាន​ព្រែកលៀបភ្នំពេញ ខេត្តកែប ភ្នំជាលក្នុងខេត្តកំពង់ស្ពឺ ភ្នំប្រសិតខេត្តកណ្តាល និងទីលានកំពូលភ្នំ​គិរីរម្យ​ដែលជាទីលានផ្តាច់ព្រ័ត។ ដោយឡែកទីលានចំនួន៣ ដែលត្រូវបានជ្រើសសម្រាប់ការប្រកួតក្នុង ឆ្នាំ​នេះមានដូចជា៖ ទីលានភ្នំជាលខេត្តកំពង់ស្ពឺ ទីលានភ្នំប្រសិតខេត្តកណ្តាល និងទីលានកំពូលភ្នំគិរីរម្យ៕

ដោយ ហេង ណាលីន