គណៈកម្មការទន្លេមេគង្គ ជំរុញឱ្យប្រទេសតាមដងទន្លេមេគង្គ ទាំងអស់ដោះស្រាយបញ្ហា លំហូរទឹកទាប ខណៈបឹងទន្លេសាបរបស់កម្ពុជា អាចជួបប្រទះស្ថានភាពស្ងួតខ្លាំង

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០–

គណៈកម្មការទន្លេមេគង្គ (MRC) បានជំរុញដល់ប្រទេសតាមដងទន្លេមេគង្គទាំង ៦ ឱ្យដោះស្រាយបញ្ហាលំហូរទឹកទាបក្នុងតំបន់ ខណៈដែលអាងទន្លេមេគង្គក្រោមប្រឈមនឹងកំណត់ត្រាលំហូរទឹកទាបអស់រយៈពេល២ឆ្នាំបន្តបន្ទាប់គ្នា ជាពិសេសធ្វើឱ្យបឹងទន្លេសាបរបស់ ប្រទេសកម្ពុជាជួបប្រទះស្ថានភាពស្ងួតខ្លាំងដែលបង្កឱ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ ដល់កម្រិតទាបបំផុត។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ។

ក្នុងរបាយការណ៍របស់MRC ដែលពិនិត្យលើស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គក្រោម អំឡុងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២០នេះ បានកំណត់នូវបុព្វហេតុបឋមជាច្រើនដែលអាចបង្កឱ្យមានលំហូរទឹកទាប និងគ្រោះរាំងស្ងួតសម្រាប់ឆ្នាំនេះ។ មូលហេតុទាំងនេះ រួមមានបរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតីដែលបង្កដោយបាតុភូតអាកាសធាតុអែល នីណូ (El Nino) ស្ថានភាពលំហូរទាបរយៈពេលយូរដែលបន្តអូសបន្លាយចាប់ពីឆ្នាំ២០១៩ មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។ សម្រាប់លំហូរទាបបែបនេះ បានធ្វើឱ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះ“ស្ថានភាពស្ងួតខ្លាំង”ដែល បង្កឱ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រាគិតចាប់ពីឆ្នាំ ១៩៩៧ មក។

ដោយប្រើប្រាស់ទិន្នន័យតាមដានទិន្នន័យទឹកភ្លៀង និងអាកាសធាតុពី MRC និងពីប្រភពជាសកលផ្សេងៗទៀត ក្នុងរបាយការណ៍នេះបន្ថែមថា ប្រតិបត្តិការនៃទំនប់នានាតាមទន្លេមេក្នុងអាងទន្លេមេគង្គលើ និងទំនប់តាមដៃទន្លេផ្សេងៗក្នុងអាងទន្លេមេគង្គក្រោមអាចនឹងជះឥទ្ធិពលលើស្ថានភាពលំហូរទឹកទាប នាពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ លេខាធិការដ្ឋានMRCមិនមានទិន្នន័យ និងព័ត៌មានជាផ្លូវការ ដើម្បីផ្ទៀងផ្ទាត់ពី ផលប៉ះពាល់ដែលអាចកើតមាននៃប្រតិបត្តិការទំនប់វារីអគ្គិសនីក្នុងអាងទន្លេមេគង្គលើទេ។

លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ(MRC) បានអំពាវនាវឱ្យប្រទេសតាមដងទន្លេមេគង្គទាំង ៦ បង្កើនការចែករំលែកទិន្នន័យ និងព័ត៌មានអំពីប្រតិបត្តិការទំនប់ និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់សាម៉ីប្រទេស ជាមួយនឹង MRC ឱ្យបានរហ័ស និងប្រកបដោយតម្លាភាព។

លោកបណ្ឌិតបានបញ្ជាក់ថា “វាដល់ពេលហើយ ដែលប្រទេសទាំងអស់ ត្រូវអនុវត្តន៍នូវអ្វីដែលខ្លួនបានអះអាង និងធ្វើសកម្មភាពដើម្បីប្រយោជន៍រួមសម្រាប់អាងទន្លេមេគង្គទាំងមូល និងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់”។

បើតាមរបាយការណ៍របស់ MRC បានបង្ហាញថា លំហូរទាបនាពេលបច្ចុប្បន្នអាចនឹងជះឥទ្ធិពលធ្ងន់ធ្ងរលើប្រទេសកម្ពុជា ដោយសារការបាត់បង់នូវសក្តានុពលជលផល និងធារាសាស្ត្រ។  ប្រទេសវៀតណាម អាចនឹងជួបប្រទះការកាត់បន្ថយផលិតកម្មស្រូវលើដីសណ្ត ហើយផលិតផលកសិកម្មក្នុងប្រទេសឡាវ និងថៃ ក៏អាចនឹងរងផលប៉ះពាល់ផងដែរ។

ក្រៅពីនេះ អតុល្យភាពបែបអេកូឡូស៊ីអាចនឹងកើតមានដោយសារបម្រែបម្រួលខ្លាំងនៃការកំណត់ពេល ថិរៈវេលា និងវិសាលភាពនៃការជន់លិចក្នុងបឹងទន្លេសាប និងតំបន់លិចទឹកជុំវិញបឹងនេះ។ ស្ថានភាពបែបនេះអាចនឹងធ្វើឱ្យការបន្តពូជត្រីថយចុះ ដោយសារការបាត់បង់នូវតំបន់លូតលាស់នានា ដែលជប៉ះពាល់ដល់ការលូតលាស់នៃមច្ឆា សត្វ និងរុក្ខជាតិក្នុងទឹកដទៃទៀត។ គេព្យាកណ៍ថា ការធ្លាក់ចុះនៃទិន្នផលត្រីអាចនឹងកើតមានឡើងដែលបញ្ហានេះនឹងគំរាមកំហែងដល់សន្តិសុខស្បៀងសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់។

សូមបញ្ជាក់ថា បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេ និងមានផលិតភាពខ្ពស់បំផុតនៅក្នុងអាស៊ីអគ្នេយ៍។ បឹងនេះត្រូវបានចាត់ទុកជាទីជម្រកជីវចម្រុះមួយក្នុងពិភពលោក និងជារោងចក្រត្រីដ៏សំខាន់របស់ទន្លេមេគង្គ។ ជាទូទៅ លំហូរត្រឡប់ចូលបឹងពីទន្លេមេគង្គ កើតមានចាប់ពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែតុលា ដែលមានរយៈពេល ១២០ ថ្ងៃជាមធ្យម។ ប៉ុន្តែនៅឆ្នាំនេះ លំហូរត្រឡប់នៅក្នុងបរិមាណប្រក្រតីនៅមិនទាន់កើតមានទេ បើទោះបីជាមានលំហូរបរិមាណតិចបំផុតពីរដងនៅក្នុងខែកក្កដាក្តី។

លោកបណ្ឌិត អាន ពេជ្រហត្ថដា បានលើកឡើងថា ប្រសិនបើកម្រិតទឹកក្នុងអំឡុងរដូវទឹកជំនន់ឆ្នាំ២០២០នេះ មិនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេ សូមស្នើឱ្យប្រទេសជាសមាជិករបស់ MRC ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាមពិចារណាផ្តល់ព័ត៌មានណែនាំដល់អ្នកប្រើប្រាស់ទឹក និងប្រតិបត្តិករតាមដងទន្លេអំពីស្ថានភាពនេះ ដើម្បីធានាថា ការប្រើប្រាស់ទឹកត្រូវបានគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់។

លោកបណ្ឌិតបន្ដថា ប្រទេសទាំងនេះ គួរតែស្វែងរកនូវប្រភពទឹកជំនួសផ្សេងទៀត ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់។ លោកបណ្ឌិតបានបន្ថែមថា ប្រទេសជាសមាជិក គួរតែសំណូមពរដល់ប្រតិបត្តិករទំនប់វារីអគ្គិសនី និងប្រតិបតិ្តករធារាសាស្ត្រ ឱ្យកែសម្រួល ប្រតិបត្តិការរយៈពេលខ្លីរបស់ពួកគេ និងធ្វើការតាមដានលើសំណឹកតាមច្រាំងដែលចអាច កើតមាន។ ជាមួយគ្នានេះ ក្នុងរបាយការណ៍ក៏បានលើកឡើងដែរថា ប្រសិនបើលំហូរទាបនៅតែបន្ត ប្រទេសទាំងបួន គួរតែពិចារណាសំណូមពរឱ្យប្រទេសចិនបង្ហូរ“ទឹកបន្ថែម” ដូចដែលបានអនុវត្តន៍នៅឆ្នាំ ២០១៦ ដើម្បីជួយសម្រាលស្ថានភាពក្នុងអាងទន្លេមេគង្គក្រោម ជាពិសេសក្នុងអំឡុងរដូវប្រាំងខាងមុខនេះ។

យោងតាមរបាយការណ៍របស់ MRC ដែលការព្យាករណ៍របបទឹកភ្លៀងសម្រាប់រយៈពេលចុងក្រោយនៃរដូវវស្សាឆ្នាំ២០២០ នេះ មានភាពខុសៗគ្នា ការប៉ាន់ស្មានជាទូទៅគឺថា បរិមាណភ្លៀងធ្លាក់ក្នុងខែសីហា និងកញ្ញា អាចនឹងមានបរិមាណច្រើនជាងធម្មតា ហើយចំនួននេះនឹងត្រូវធ្លាក់ចុះក្នុងខែតុលា។ ទន្ទឹមនេះ ដោយមានការព្យាករណ៍ទុកថាបរិយាកាសសម្ពាធទាប ព្យុះស៊ីក្លូន ឫព្យុះផ្សេងៗទៀត អាចនឹងកើតឡើងក្នុងខែសីហា និងកញ្ញា របាយការណ៍នេះបានបន្ថែមថា លំហូរត្រឡប់ចូលបឹងទន្លេសាប អាចនឹងកើតមាននៅពេលនេះ ដោយលើកនេះគេរំពឹងថា នឹងមានបរិមាណទឹកច្រើនជាងលើកមុន។ បើតាមទិន្នន័យតាមដានកម្រិតទឹកពី MRC នៅថ្ងៃនេះ បានបង្ហាញថា ជារួមកម្រិតទឹកនៅទូទាំងអាងទន្លេមេគង្គក្រោមបានកើនឡើង ហើយនិន្នាការនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងបន្តរហូតដល់សប្តាហ៍ក្រោយ៕ ដោយ៖រិទ្ធី