រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន និង ទំបន់ស្ទាក់ទឹកដូនទ្រី

AKP បាត់ដំបង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន និងទំបន់ស្ទាក់ទឹកដូនទ្រី ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។

គម្រោងស្ទាក់ទឹកសាលាតាអន ដែលហៅថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ហើយគម្រោងនេះ បានចាប់ផ្តើមដំណើរការធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ បច្ចប្បន្ននេះ គម្រោងបានធ្វើការសម្រេចបានប្រមាណ ៧០ ភាគរយ លើទំហំការងារសរុបរបស់គម្រោង។

ចំពោះគម្រោងស្ទាក់ទឹកសាលាតាអន នេះត្រូវបានសាងសង់បញ្ចប់គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.០០០ហិកតា។ ក្រោយពីគណៈប្រតិភូបានមកធ្វើការពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនរួចមក គណៈប្រតិភូបានបន្តដំណើរអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលស្ថិតនៅស្រុករុក្ខគីរី ដែលជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េដូចគ្នាទៅនឹងគម្រោងអភិវឌ្ឍន៍សាលាតាអនផងដែរ ។

សម្រាប់ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ដោយបច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ២៦ភាគរយ លើទំហំការងារសរុបរបស់គម្រោង។ ក្រោយពីបញ្ចប់ការសាងសង់ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន ៣៣.០០០ហិកតា ផ្ទៃដីស្រូវប្រាំងបានចំនួន ៤.៥០០ហិកតាផងដែរ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)