ប្រទេសវៀតណាមប្រែក្លាយពហុកីឡាដ្ឋានទីក្រុងដាណាងទៅជាមន្ទីរពេទ្យ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វៀតណាមថាម (០៧.០៨.២០)

វៀតណាម៖ សារព័ត៌មានវៀតណាមដែលចេញផ្សាយនៅថ្ងៃទី០៧ ខែសីហានេះបានឲ្យដឹងថាក្រសួងសុខាភិបាលវៀតណាមបាននិយាយថាការងារកែប្រែកីឡាដ្ឋានមួយកន្លែង​​ឲ្យទៅជាមន្ទីរពេទ្យដែលមាន ១០០០ គ្រែនៅកណ្តាលទីក្រុងដាណាង   ជិតបានបញ្ចប់ហើយ  ។   ការសម្រេចកែប្រែកីឡាដ្ឋាននោះ  ធ្វើឡើង ដើម្បីទប់ទល់ការផ្ទុះឡើងនៃវីរុសកូវីដ១៩ដែលបានរាលដាលយ៉ាងហោចណាស់ដល់ ១១ តំបន់។

កីឡាដ្ឋានទៀនសុននៅក្រុងដាណាងនឹងត្រូវយកមកប្រើប្រាស់ដើម្បីព្យាបាលអ្នកជម្ងឺដែលឆ្លងវីរុសកូវីដ១៩ ប្រសិនបើមន្ទីរពេទ្យក្នុងក្រុងចាប់ផ្តើមមានសភាពចង្អៀតណែនណាន់តាន់តាប់។

ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ពីការឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៣៤ ករណីកាលពីថ្ងៃព្រហស្បតិ៍ទី ០៦ ខែកក្កដាដោយករណីឆ្លងសរុបនៅប្រទេសវៀតណាមកើនដល់ ៧៤៧ និងមានករណីស្លាប់ ១០ នាក់។