ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៤ អាណត្តិទី៣

AKP កំពង់ធំ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ —

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តកំពង់ធំបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារផងដែរ។

ឯកឧត្តម ឈុន ឈន់ ក៏បានលើកយករបៀបវារៈក្នុងកិច្ចប្រជុំ រួមមាន៖ ១. ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។ ២.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។ ៣. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។ ៤. ពិនិត្យ និងអនុម័ត គម្រោងចំណូលចំណាយសម្រាប់ឆ្នាំ២០២១ និង ៥. បញ្ហាផ្សេងៗ។

អង្គប្រជុំបានប្រព្រឹត្តទៅដោយលើកយករបៀបវារៈ ម្តងមួយៗមកពិនិត្យពិភាក្សានិងអនុម័តរួចមក ឯកឧត្តម ឈុន ឈន់ បានសំណូមពរដល់អង្គពិធីឱ្យយកចិត្តទុកដាក់បន្ថែមទៀត ចំពោះភូមិ ឃុំមានសុវត្ថិភាព ត្រូវផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹងច្បាស់លាស់ កុំឱ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត។ បន្តធ្វើការផ្សព្វផ្សាយវិធានការស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមភូមិ ឃុំ សង្កាត់តាមរយៈ ទូរទស្សន៍ ផ្ទាំងផ្សព្វផ្សាយ និងលិខិតប័ណ្ណ ដោយប្រើប្រាស់គ្រប់មធ្យោបាយដើម្បី អប់រំផ្ទាល់ដល់ប្រជាពលរដ្ឋនៅទីប្រជុំជន និងនៅមូលដ្ឋាន។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងពីការផ្សព្វផ្សាយ ច្បាប់លិខិតបទដ្ឋានគតិយុត្តដែលទទួលបានពីថ្នាក់ជាតិ និងការចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីក្តាប់ឱ្យបានពីបញ្ហាលំបាក និងសំណូមពររបស់ពួកគាត់ ជាពិសេសចុះសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា។ បន្តការចុះសួរសុខទុក្ខបងប្អូនកងអន្តរាគមន៍របស់សម្ដេចតេជោ ដែលបានមកជួយបូមទឹកសង្គ្រោះស្រូវនៅស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងចែកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់។

ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកប្រកបដោយប្រសិទ្ធភាពស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសអប់រំដល់មន្ត្រីដែលត្រូវអនុវត្តន៍ច្បាប់ ឱ្យគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃ៕ដោយ៖ស៊ុម វណ្ណា