អភិបាលរងខេត្ត ចុះពិនិត្យការងារបង្កបង្កើនផល របស់ប្រជាកសិករ នៅស្រុកកៀនស្វាយ

AKP កណ្តាល ថ្ងៃទី០៧ ខែសីហាឆ្នាំ ២០២០–

នៅថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានចុះពិនិត្យការងារបង្កបង្កើនផល របស់បងប្អូនប្រជាកសិករ ក្នុង ឃុំដីឥដ្ឋ និង ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីមន្ទីរកសិកម្មខេត្ត មន្ត្រីរដ្ឋបាលស្រុកកៀនស្វាយ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ក្នុងឱកាសនោះ ឯកឧត្តមនូវ ប៉េងច័ន្ទតារា បានជំរុញ និងលើកទឹកចិត្តដល់កសិដ្ឋានចិញ្ចឹមត្រី កសិករដាំបន្លែ និង កសិករដាំដំណាំស្រូវ ត្រូវបន្តខិតខំប្រឹងប្រែងពង្រីក និងអភិវឌ្ឍន៍ការងារខ្លួនបន្ថែមទៀត ដើម្បីបង្កើនសេដ្ឋកិច្ច ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីប្រទេសជិតខាង ដែលកិច្ចការនេះមន្ត្រីកសិកម្មគ្រប់ថ្នាក់មានតួនាទីសំខាន់ណាស់ ត្រូវតែចុះជាប់ជាមួយប្រជាកសិករ ត្រូវផ្ដល់បច្ចេកទេស និងដំណោះស្រាយនានានៅពេលដែលពួកគាត់ជួបបញ្ហា។

ឯកឧត្តមអភិបាលរងខេត្ត បានជម្រាបជូនបងប្អូនប្រជាកសិករ ក្នុងឃុំដីឥដ្ឋ និងឃុំបន្ទាយដែក ថា ការចុះមកនេះគឺដើម្បីពិនិត្យ និងឈ្វេងយល់ពីការធ្វើស្រែចម្ការរបស់បងប្អូន យកទៅធ្វើជាមូលដ្ឋានគិតគូរថាតើអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលត្រូវជួយអ្វីខ្លះបន្ថែមទៀតដល់បងប្អូន ដើម្បីទទួលបានជោគជ័យក្នុងការប្រកបមុខរបរស្រែចម្ការនេះ។ ឯកឧត្តមបន្តថា កន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាកសិករ និងបានខិតខំទាក់ទងជាមួយដៃគូអភិវឌ្ឍន៍នានា ជួយផ្តល់នូវធនធានបច្ចេកទេស និងថវិកាដល់ប្រជាកសិករយើង។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាកសិករត្រូវខិតខំតាមដានព័ត៌មាននានាដែលទាក់ទងនឹងវិស័យកសិកម្ម ព្រោះជាជំនួយបន្ថែមទៀតដែលធ្វើឱ្យការប្រកបរបរស្រែចម្ការរបស់បងប្អូនទទួលបានជោគជ័យ។ ដោយឡែកអាជ្ញាធរខេត្តនឹងខិតខំផ្សព្វផ្សាយ និងជួយរកទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មរបស់បងប្អូន។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យចម្ការបន្លែ និងទីតាំងចិញ្ចឹមត្រីរួចមក ឯកឧត្តមបានសាទរចំពោះជោគជ័យដែលបងប្អូនប្រជាកសិករ ទទួលបាននាពេលនេះ។ ឯកឧត្តមបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយគឺធ្វើឱ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ។ ដោយឡែក អាជីវកម្មធាតុចូលកសិកម្ម (ជី ថ្នាំ សម្ភារប្រើប្រាស់) ក៏បានរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ងាយស្រួល ចំណេញពេល និងពលកម្ម។ល។

ឯកឧត្តមអភិបាលរងខេត្តក៏បានជំរុញឱ្យប្រជាពលរដ្ឋខិតខំដាំដំណាំរួមផ្សំដែលគ្មានជាតិគីមីនេះពីព្រោះវា និងជួយបង្កើនចំណូលរបស់បងប្អូន ហើយក៏ចូលរួមក្នុងការកាត់បន្ថយការនាំចូលពីប្រទេសជិតខាងផងដែរ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)