ក្រុមការងាររាជរដ្ឋាភិបាល បើកវេទិកាសាធារណៈ ជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រឡាច

AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០–

វេទិកាសាធារណៈមួយរបស់ក្រុមការងាររាជ រដ្ឋាភិបាល ដែលដឹកនាំដោយលោកជំទាវម៉ាត់ ម៉ារ៉ារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នៅក្នុងភូមិស្វាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយការលំបាក និងបញ្ហាប្រឈម របស់ពលរដ្ឋ ក្នុងស្រុកកំពង់ត្រឡាច។

ក្នុងវេទិកានេះមានការចូលរួមពី ឯកឧត្តមលោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋមកពី៣ឃុំគឺឃុំសែប ឃុំតាជេស និងឃុំឈូកស សរុប ២០០នាក់។

លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាចបានមានប្រសាសន៍ថា សំណួរមួយចំនួនដែលមិនទាន់បានដោះស្រាយកាលពីវេទិកាសាធារណៈមុនៗអាជ្ញាធរកំពុងធ្វើការសម្របសម្រួលនិងដោះស្រាយជូនប្រជាពលរដ្ឋបានរួចមួយចំនួនហើយ។ ក្រោយពីប្រជាពលរដ្ឋបានស្តាប់ការបកស្រាយរបស់លោក ឈឹម វុទ្ធា និងអាជ្ញាធរ រួចមកប្រជាពលរដ្ឋដែលចូលរួមក្នុងអង្គពិធីបានទទួលយក និងអបអរសាទរចំពោះក្រុមការងារទាំងអស់ដែលគិតគូរពីការលំបាកនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ។

នៅក្នុងវេទិកាសាធារណៈថៃ្ងនេះដែរ តំណាងប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើង សំណូមពរមួយចំនួនជូនគណៈអធិបតីដើម្បីធ្វើការដោះស្រាយ។ លោកជំទាវ ម៉ាត់ ម៉ារ៉ា បានមានប្រសាសន៍ឆ្លើយតបដោះស្រាយសំណូមពរ និងបញ្ហាប្រឈមមួយចំនួនជូនប្រជាពល រដ្ឋ ។ ចំពោះករណីនៅសេសសល់ក្រុមការងារទទួលយកដោះស្រាយជូនពេលក្រោយឱ្យបានទាន់ពេលវេលាស្របតាមច្បាប់។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានខិតខំអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធ និងអាណាចក្រ និងបានគិតគូរពីសុខទុក្ខគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាព ចូលរួមគោរពច្បាប់ផ្សេងៗរបស់រដ្ឋ ខិតខំបង្កើនមុខរបបប្រចាំថ្ងៃ អប់រំកូនចៅឱ្យខិតខំរៀនសូត្រជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងត្រូវបន្តផ្សព្វផ្សាយនូវវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលដល់ប្រជាពលរដ្ឋឱ្យយល់ពីវិធានប្រុងប្រយ័ត្ននិងការពារកុំឱ្យឆ្លងដល់ក្នុងគ្រួសារនិងសហគមន៍របស់យើង៕ ដោយ៖បៃ ស៊ីថុន