ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១៤របស់ខ្លួន

AKP រតនគិរី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០–

នៅថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តរតនគិរីបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ខ្លួន ក្រោមវត្តមានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងឯក ឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលអភិបាលរងខេត្ត នាយក នាយករងរដ្ឋ បាល នាយកទីចាត់ការ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តជាច្រើនរូបទៀត។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍ និងបង្ហាញពីមូលហេតុ គោលបំណងនៃកិច្ចប្រជុំរួចមក ឯកឧត្តម ណាប់ ប៊ុនហេង បានមានប្រសាសន៍កត់សម្គាល់ថា ក្នុងអន្តរកាលនេះយើងកំពុងមានបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការងារលើកកម្ពស់ការអន្តរាគមន៍ សង្គ្រោះ និងឆ្លើយតបចំពោះបញ្ហាលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងនោះអង្គភាពពាក់ព័ន្ធបានកំពុងចុះស្រង់ស្ថិតិពលរដ្ឋក្រីក្រខ្វះខាតដែលបានរងគ្រោះដោយសារបញ្ហាវិបត្តិកូវីដ-១៩ ដើម្បីទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា។

របៀបវារៈនៃកិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកក្កដា និងលើកទិសដៅបន្តប្រចាំខែសីហា ឆ្នាំ២០២០ ៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តរតនគិរី)