អភិបាលខេត្តសៀមរាបថា មាន​គម្រោង​បង្កើតកន្លែងលាងសម្អាតដៃជាច្រើន​កន្លែង រួមជាមួយ វិធានការការពារមេរោគកូវីដ ១៩ ជាច្រើនទៀត នៅក្នុងតំបន់រៀបចំកម្មវិធីកម្សាន្ត សម្រាប់ថ្ងៃ សម្រាកខាងមុខនេះ​

AKP សៀមរាប ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០

​ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប បានមានប្រសាសន៍នៅក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលជនបង្គោល ដើម្បីជំរុញអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះថា ក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្ត​បានដាក់ចេញនូវវិធានការ ជាច្រើន​ ដើម្បីបង្ការការឆ្លងមេរោគកូវីដ១៩។

ឯក​ឧត្តមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប មាន​គម្រោង​បង្កើតកន្លែងសម្រាប់លាង សម្អាតដៃជាមួយនឹងសាប៊ូជាច្រើន​កន្លែងនៅតាមទីសាធារណៈ ជាពិសេសក្នុងតំបន់រៀបចំកម្ម វិធីកម្សាន្តសម្រាប់ថ្ងៃសម្រាកខាងមុខនេះ​ ជាមួយគ្នានេះបន្ទប់ទឹកសាធារណៈក៏ត្រូវបាន​បង្កើនការធ្វើអនាម័យឱ្យបាន​ខ្ពស់ជាមុនផងដែរ។ ឧទាហរណ៍បើបន្ទប់ទឹក សាធារណៈមាន ៥បន្ទប់ គឺត្រូវមានអ្នកនៅត្រួតពិនិត្យជាប្រចាំ ដោយអ្នកចូលបន្ទប់ទឹកនេះ ត្រូវតម្រង់ឈរ ដោយមាន​គម្លាតសុវត្ថិភាព ហើយបន្ទាប់ពីមនុស្ស៥នាក់ បានចូលបន្ទប់ទឹករួច ក្រុមការងារ នឹងត្រូវចូលទៅសម្អាតឱ្យមានអនាម័យរួចសិន ទើបអនុញ្ញាតឱ្យ ៥នាក់ទៀត ចូលបន្ត។ ក្រៅពីនេះអ្នកដែលមកចូលរួម​កម្សាន្តទៅតាម​កម្មវិធីនានាតម្រូវមាន​ការពាក់ម៉ាស់ ឬក្រមា និងត្រូវអនុវត្តន៍តាមវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមអភិបាលខេត្តសៀមរាប ក៏បាន​អំពាវនាវដល់ប្រតិបត្តិករទេសចរទាំងអស់ ត្រូវ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងមុនបន្ថែមទៀត ក្នុងការអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ ព្រោះថា បើយើងធ្វើការការពារបានល្អភ្ញៀវទេសចរមានការពេញចិត្ត មាន ទំនុកចិត្ត គេមកលេងខេត្តយើងត្រឡប់ទៅវិញដោយសុវត្ថិភាព គេនិងមកកម្សាន្តខេត្ត យើង បន្តទៀត។ ធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបអាចដើរបាន ហើយយើងក៏មិនត្រូវទុក ឱ្យសេដ្ឋកិច្ចខេត្តសៀមរាបជាប់គាំងនោះទេ ដូច្នេះយើងត្រូវអនុវត្តន៍វិធានសុវត្ថិភាព ទេសចរណ៍ និងវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ និងអនុវត្តន៍ឱ្យបានល្អជាងមុនទាំងអស់គ្នា។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធ យុវជន កម្ពុជាខេត្តសៀមរាបនឹងរៀបចំកម្មវិធីកម្សាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត។ ដែលការរៀបចំនេះ គឺដើម្បីទទួលភ្ញៀវទេសចរ ក្នុងឱកាស ឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០៕

ដោយ ឃុត សៅ