ឯកឧត្ដម ឃួ​ង ស្រេង ជំ​រុញឱ្យ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ពង្រឹង​កិច្ចការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​នា​ថ្ងៃ​ឈប់សម្រាក សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​

AKP ភ្នំពេញ ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០
​ ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​ចំណុះឱ្យ​រដ្ឋបាល​រាជធានី ភ្នំពេញ​ទាំងអស់ ត្រូវ​ពង្រឹង​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន ល្អប្រសើរ ក្នុងឱកាស​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​។​

ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​ថា កិច្ចការ​ការពារ​សន្តិ​សុខ សណ្ដាប់ធ្នាប់ គឺជា​កិច្ចការងារ​ដែល​អាជ្ញាធរ និង​កងកម្លាំង​ប្រដាប់ អាវុធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ពិសេស​គឺ​ក្នុងអំឡុងពេល​នៃ​ការឈប់​សម្រាក​សង នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​នា​ខាងមុខ​។ ដូចនេះ អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់ ត្រួវ​រួមសហការ​ធ្វើយ៉ាងណា​រក្សា​ឱ្យបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។ ក្រៅពី​ការងារ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ ការបង្ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩ ក៏​យើង​ត្រូវតែ​រួមគ្នា​ដើម្បី​ពង្រឹង និង​ទប់ស្កាត់ ដោយ​អនុវត្តន៍​ទៅតាម​ការណែនាំ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​។​

ឯកឧត្ដម ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ដាស់តឿន​ទៅដល់​ប្រធាន​មន្ទីរ​មួយចំនួន​ចំណុះឱ្យ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវគោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដែលជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តែ​ក៏​មិនអាច​ផ្តាច់​បាន​ពី​ក្រសួង​បានដែរ តែ​ការងារ​ដែល​ត្រូវ ធ្វើ​នោះ​គឺ​ការបម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​៕ ដោយ សួស សំរិត​