ឯកឧត្ដម ឃួង ស្រេង  ណែនាំដល់អាជ្ញាធរខណ្ឌ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យឱ្យអស់នៅក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០

ឯកឧត្ដម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យឱ្យអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង១៤ ដើម្បីចុះត្រួតពិនិត្យ កន្លែងលក់ហ្គាសនានា ឈ្វេងយល់ពីទិដ្ឋភាពច្បាប់ សម្ភារបច្ចេកទេសស្តង់ដារ និងឧបករណ៍ ការពារដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខាន ឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និង បរិស្ថាន។ ឯកឧត្ដម ឃួង ស្រេង បានណែនាំបែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានកន្លែងលក់ ហ្គាស និងបញ្ចូលហ្គាសជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស ប្រើប្រាស់ធុង ហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ចូល និងអ្នកប្រើប្រាស់។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាង អស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដទៃ ហើយយកមកបាញ់ថ្នំាដើម្បីប្រើ ប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កឱ្យផ្ទុះធុងហ្គាស និងអគ្គិភ័យឆាប់ ឆេះផ្ទះសម្បែងជាដើម។      ឯកឧត្ដមបន្តថា នៅរាជធានីភ្នំពេញសព្វថ្ងៃនេះ កន្លែងលក់ ហ្គាសពុំមែនលក់តែហ្គាសប៉ុណ្ណោះទេ គឺថែមទំាងផលិតហ្គាសថែមទៀត ព្រោះពេលចុះទៅ កន្លែងផ្ទុះហ្គាស គឺឃើញមានថ្មស្អុយដែលជាសារធាតុផលិតហ្គាសផងដែរ។

ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហាហ្គាស ឬការលក់សំាងដបនៅតាមចិញ្ចើមផ្លូវ ឬផ្ទះលក់ដូរគ្រឿងទេសជាបញ្ហាប្រឈម ផ្នែកសុវត្ថិភាព ដោយត្រូវបង្កើនការយកចិត្តទុកដាក់លុបបំបាត់ឱ្យខាងតែបាន  ខណៈ អគ្គិភ័យដែលបានកើតឡើងនៅរាជធានីភ្នំពេញកន្លងមកនេះ ភាគច្រើនបណ្តាលមកពីការផ្ទុះ ធុងហ្គាសដែលគ្មានបច្ចេកទេស៕

ដោយ សួស   សំរិត