ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបីបានបន្ថយកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០​ —

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ដែលមាន មូលដ្ឋាននៅប្រទេសសិង្ហបុរីបានបន្តបន្ទាបកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដល់កម្រិតអវិជ្ជមាន ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបីបានចេញផ្សាយរបាយការណ៍មួយពីប្រទេសសិង្ហបុរីបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំនេះត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពីការព្យាករណ៍លើមុន ដែលគេបានធ្វើនៅខែមេសា ពីចំនួន ២,៧ ភាគរយនៅឆ្នាំនេះនិង ៦,៨ ភាគរយនៅឆ្នាំក្រោយដល់ -១,៨ ភាគរយនៅឆ្នាំនេះហើយនឹងមានកំណើនឡើងវិញដល់ត្រឹមតែ ៦.៥ ភាគរយនៅឆ្នាំក្រោយ។

នៅក្នុងអាស៊ានមានតែប្រទេសប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមប៉ុណ្ណោះដែលអាចរក្សាបាននូវកំណើនជាវិជ្ជមាន ។

ប្រទេសឡាវអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំនេះ ០,៥ ភាគរយ, មីយ៉ាន់ម៉ា ១,១ ភាគរយ, ប្រ៊ុយណេ ១,៦ ភាគរយ, និងវៀតណាម ៣,១ ភាគរយ។

កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងជួប -០,៨ ភាគរយ, ប្រទេសកម្ពុជា -១,៨ ភាគរយ, ម៉ាឡេស៊ីមាន -៣,២ ភាគរយ, សិង្ហបុរី -៦ ភាគរយ, ហ្វីលីពីនមាន -៦,៦ ភាគរយ, និងថៃ -៧,៨ ភាគរយ។

សម្រាប់ឆ្នាំក្រោយ ស្ថាប័ននេះបាន ព្យាករណ៍ថា ប្រ៊ុយណេនឹងមានកំណើនសេដ្ឋកិច្ច ៣,១ ភាគរយ, ថៃនិងឡាវ ៤,៦ ភាគរយ, ឥណ្ឌូណេស៊ី ៥,២ ភាគរយ, ម៉ាឡេស៊ី ៥,៧ ភាគរយ, មីយ៉ាន់ម៉ា ៦,២ ភាគរយ, កម្ពុជានិងហ្វីលីពីន ៦,៥ ភាគរយ, ខណៈសិង្ហបុរីនិងវៀតណាមមាន ៧ ភាគរយ ដូចគ្នា ។

ជំងឺកូវីដ១៩ នៅតែបន្តជាស្រមោលងងឹតនិងមិនច្បាស់លើទស្សនវិស័យនៃកំណើនតំបន់ ខណៈដែលនៅពេលនេះវាកំពុងតែ បានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចពិភពលោក ។

ឆ្លើយតបនឹងបញ្ហានេះរដ្ឋាភិបាលអាស៊ាន+៣ បានចាត់វិធានការដែលមិនធ្លាប់មានពីមុនមកដើម្បីទប់ស្កាត់ការឆ្លងវីរុសនិងរក្សាសេដ្ឋកិច្ចរបស់ពួកគេ ឱ្យនៅឆ្ងាយពីវិបត្តិ។

ដោយ ហេង បញ្ញា