រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងារអនុវត្តន៍ច្បាប់ បន្តតាមដានស្រាវជ្រាវរកមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឱ្យបានទាន់ពេលវេលា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានណែនាំឱ្យក្រុមការងារ អនុវត្តន៍ច្បាប់ បន្តតាមដានស្រាវជ្រាវ  និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឱ្យ បានទាន់ពេលវេលា។

សម្តេចបានលើកឡើងបែបនេះក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រុមការងារជំនាញអន្តរក្រសួង-ស្ថាប័នទាំង០៦ របស់ គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៦  ខែសីហានេះ  នាទីស្ដីការក្រសួងមហាផ្ទៃ។      សម្តេចក្រឡាហោម  បានសង្កត់ធ្ងន់ថា  ក្រុមការងារអនុវត្តន៍ ច្បាប់ បន្តតាមដានស្រាវជ្រាវស្វែងរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ ដើម្បីបង្ក្រាប ឱ្យបានទាន់ពេលវេលា។

សម្តេចក្រឡាហោម  បន្ថែមថា  លើសពីនេះទៅទៀត គ្រប់អង្គភាពសមត្ថកិច្ច គប្បី ពង្រឹងវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង បញ្ចៀសឱ្យបាន ការប្រព្រឹត្តខុស ឆ្គង នឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ បទបញ្ជា ដែលនាំឱ្យប្រឈមនឹងការដាក់ទោស ទណ្ឌជាយថាហេតុ។

បន្ថែមលើនេះ សម្តេចក្រឡាហោម បានណែនាំឱ្យជំរុញការចងក្រង និងចែករំលែក ទិន្នន័យជាប្រព័ន្ធ ឱ្យមានលក្ខណៈរលូន និងជាទិន្នន័យរួមថ្នាក់ជាតិ ដែលឆ្លើយតបទៅនឹងការ ដោះស្រាយបញ្ហា ជាពិសេស សម្រាប់ចែករំលែកជាមួយអន្តរជាតិ។

ក្នុងនោះអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ក្រុមការងារអន្តរក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គប្បីបន្តការប្រឹងប្រែងអនុវត្តសកម្មភាព ដែលបានរៀបចំក្នុងការឆ្លើយតបទៅនឹងបញ្ហាចំពោះមុខ រយៈពេលខ្លី មធ្យម វែង ឱ្យអស់ លទ្ធភាព ដោយរិះរកមធ្យោបាយ ជម្នះឧបសគ្គ ពង្រឹងកិច្ចសហការ ដើម្បីចំណាយធនធានតិច បានផលច្រើន និងសម្រេចគោលដៅជាអាទិភាព៕

ដោយ ចាន់សុធីវង្ស