ច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល បានធ្លាក់មកដល់ដៃរដ្ឋសភាហើយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០

ច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល បានធ្លាក់មកដល់ដៃ រដ្ឋសភាហើយ។

សេចក្តីស្នើច្បាប់នេះ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លើកយក ពិនិត្យ និងអនុម័ត​ប្រគល់ជូនគណៈកម្មការទី២ គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សហការជាមួយគណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ  នៃរដ្ឋសភា ធ្វើការសិក្សាស្រាវជ្រាវ និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋ សភាវិញ ដើម្បីរៀបចំដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាអនុម័ត ដើម្បីទុកជា ច្បាប់ប្រយោជន៍សម្រាប់គ្រប់គ្រងល្បែងស៊ីសងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភា បាន បញ្ជាក់ជូនក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ច​ប់​កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះថា សេចក្តីសម្រេចរបស់សម្តេច នាយករដ្ឋមន្ត្រី បានប្រកាសហើយថា កន្លែងល្បែងស៊ីសងកាស៊ីណូនៅក្នុងទី ក្រុងភ្នំពេញមិនអនុញ្ញាតទេ គឺអនុញ្ញាតឱ្យមានតែនៅក្រៅចម្ងាយ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ប៉ុន្តែដូចករណី កាស៊ីណូណាហ្គានៅកើតមាននៅក្នុងក្រុងភ្នំពេញ ដោយសារតែកន្លងមកយើងមិនទាន់មាន ច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្មផង  ជាពិសេសដោយសារតែពីជំនាន់មុនប្រទេស យើងមិនទាន់រៀបរយ កង្វល់តែពីរឿងគណបក្សនេះ គណបក្សនោះ ដូចយើងដឹងស្រាប់ហើយ អីចឹងហើយបានជាការធ្វើកុងត្រាអីទៅ ក៏វាពុំសូវបានល្អ ពេលឡើងក្តីទៅយើងចាញ់គេ ហេតុដូច្នេះហើយបានជាយើងទុកទីកន្លែង កាស៊ីណូណាហ្គានេះ ឱ្យគេនៅធ្វើអាជីវកម្មនៅ កន្លែងហ្នឹងដដែលទៅ។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខនៅពេលច្បាប់នេះក្លាយ ជាច្បាប់ធរមានទៅ បនល្បែង កន្លែងលេងល្បែងនៅកម្ពុជានឹងរៀបរយល្អ។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាព្រឹកថ្ងៃទី០៦ ខែសីហានេះ បានពិនិត្រ និងអនុម័តសេចក្តីស្នើច្បាប់របស់រាជរដ្ឋាភិបាលចំនួន៣គឺ៖ ទី១-សេចក្តីស្នើច្បាប់ស្តីពី ការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវបានប្រគល់ជូន គណៈកម្មការទី២ គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាពិនិត្យសិក្សាស្រាវជ្រាវ  ហើយធ្វើរបាយការណ៍មកគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវិញ ដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាអនុម័ត។ ទី២-សេចក្តីស្នើច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ពិនិត្យ និងអនុម័តប្រគល់ជូនគណៈកម្មការទី២ សហការជាមួយគណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ មហាផ្ទៃ ធ្វើការសិក្សាស្រាវជ្រាវ ហើយធ្វើ របាយការណ៍ផ្ញើជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញដើម្បីដាក់ចូលក្នុងរបៀបវារៈ សម័យប្រជុំពេញអង្គរដ្ឋសភាអនុម័ត និងទី៣-សេចក្តីស្នើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យ និងអនុម័ត ប្រគល់ជូនគណៈកម្មការទី៦ គឺគណៈកម្មការនិតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការទី៥ គឺគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិធ្វើការសិក្សាស្រាវជ្រាវ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ ដើម្បីដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាអនុម័ត៕

ដោយ ប៉ាល់ សុង