ល្ងាចថ្ងៃទី០៧ ខែសីហាស្អែកនេះ រាប់ថយក្រោយ ១.០០០ថ្ងៃ ស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០–

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ. (CAMSOC) បានកំណត់យកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ស្អែកនេះ ដើម្បីប្រារព្ធកម្មវិធីដ៏ធំមួយស្តីពីការប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងពិធីរាប់ថយក្រោយ ១.០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់ថា តាមការគ្រោងទុកពិធីនេះនឹងត្រូវធ្វើឡើង នាវេលាម៉ោង៥ល្ងាច ថ្ងៃទី០៧ សីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

ចំពោះរបៀបវារៈសំខាន់ៗរួមមាន៖ ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា, របាំជូនពរ, សន្ទរកថាស្វាគមន៍ដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC, មតិសំណេះសំណាល និងការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់, ពិធីប្រកាសបេក្ខជន បេក្ខនារី ដែលជាម្ចាស់ជ័យលាភី ស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងជូនរង្វាន់លើកទឹកចិត្ត។ ចំណាប់អារម្មណ៍របស់ជ័យលាភី ការសម្តែងសិល្បៈ និងពិធីរាប់ថយក្រោយ ១.០០០ថ្ងៃ សន្ធឹកស្គរជ័យ។ ចំពោះបាវចនារបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺ «កីឡារស់ក្នុងសន្តិភាព-SPORT LIVE IN PEACE»។

សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១.០០០ថ្ងៃគត់។ រីឯទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ រយៈពេលជាង១០ថ្ងៃ ដែលមានកាលបរិច្ឆេទពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕ ដោយ៖ ហេង ណាលីន