U15 ខេត្តកណ្តាល ត្រៀមពានរង្វាន់យុវជនសាលា តម្រង់ទិស ២០២០

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០–

ក្រុមបាល់ទាត់អាយុក្រោម ១៥ឆ្នាំខេត្តកណ្តាលកំពុងបង្កើនការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតពានរង្វាន់សាលាតម្រង់ទិស២៥រាជធានី-ខេត្ត នាខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការរៀបចំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោក យិន បញ្ញា គ្រូបង្វឹក យុវជនអាយុក្រោម១៥ឆ្នាំខេត្តកណ្ដាលបញ្ជាក់ថា បច្ចុប្បន្នលោកមានកីឡាករ២១នាក់ ហើយនឹងធ្វើតេស្តចូលរួមបន្ថែមនិងផ្តល់ឱកាសឱ្យយុវជនថ្មីបង្គ្រប់២៥នាក់ ដើម្បីត្រៀមការប្រកួតនាចុងឆ្នាំនេះ។

ការហ្វឹកហាត់នេះបានចាប់ផ្តើមកាលពីខែកក្ក ដា មកម្លេះ។ លោកបានលើកឡើងពីការលំបាកនៅក្នុងក្រុមយុវជននេះ ដោយសារការជ្រើសរើស និងការកំណត់អាយុពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមនីមួយៗភាគច្រើនគឺសុទ្ធជាកីឡាករថ្មីៗ ពេលពួកគាត់ចម្រើនវ័យ ហើយត្រូវចូលទៅលេងក្នុងឈុត U18។ គ្រូយុវជនរូបនេះប្តេជ្ញាចិត្តថា ធ្វើយ៉ាងណាខិតខំប្រកួតឱ្យបានឆ្លងផុតជុំទី១សិន ហើយឱ្យខ្លាំងក្លាជាងរដូវ កាល ២០១៩ កន្លងទៅ។

គ្រូបង្វឹករូបនេះបន្ថែមទៀតថា ចំពោះក្រុមខេត្តផ្សេងៗទៀត ក៏មានកីឡាករថ្មីៗដូចគ្នាដែរ ពីព្រោះឈុតយុវជនអាយុ១៥នេះប្រមូលផ្តុំបានត្រឹម១ឆ្នាំ ភាគច្រើនពួកគាត់ផុតវ័យហើយ ៗសម្រាប់ខេត្តកណ្តាលរបស់លោកមានយុវជន ឆ្នាំចាស់ត្រឹម៨នាក់ប៉ុណ្ណោះ ដោយត្រូវប្រកាសឱ្យយុវជននានាបានចូលរួមធ្វើតេស្តជ្រើសរើសបញ្ចូលសមាជិកថ្មីៗ ដើម្បីបង្រ្គប់ ២៥ នាក់។

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតែរៀបចំការប្រកួតពានរង្វាន់យុវជនច្រើនកម្រិត នៃផែនការសាលាបាល់ទាត់តម្រង់ទិសរបស់ខ្លួនជារៀងរាល់ឆ្នាំ ក្នុងគោលដៅបន្តការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ៕ដោយ៖ ហេង ណាលីន