ការជ្រើសរើសអត្តពលិកដោយគ្មានឆន្ទៈ នឹងបរាជ័យនៅស៊ីហ្គេម

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (COMSOC) បានលើកឡើងថា ចាប់ពីឆ្នាំ២០២០នេះ គឺជាពេលវេលាមួយសំខាន់ណាស់ សម្រាប់សហព័ន្ធកីឡាជាតិទាំងអស់ ក្នុងការជ្រើសរើសធនធានអត្តពលិកឆ្នើមៗរបស់ខ្លួន សម្រាប់សហព័ន្ធបង្វឹកត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ហើយបើការជ្រើសរើសកីឡាករ កីឡាការិនីទាំងថ្នាល និងឈុតធំ ទាំងងងឹតងងុលមិនមានតម្លាភាពត្រឹមត្រូវនឹងធ្វើឱ្យសហព័ន្ធរងបរាជ័យ នៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា ស៊ីហ្គេម ឆ្នាំ២០២១នេះ គឺជាស៊ីហ្គេមយុទ្ធសាស្រ្ត ដើម្បីវាស់ស្ទង់ និងសម្រេចយកតែប្រភេទកីឡាសក្តានុពល ត្រៀមឆ្នាំ២០២៣ប៉ុណ្ណោះ បើសហព័ន្ធកីឡាជាតិណាមើលឃើញថា គ្មានសក្តានុពលត្រូវដកចេញមិនឱ្យចូលរួមនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាឡើយ។

ដូច្នេះពេលនេះជាពេលវេលាមួយចាំបាច់បំផុតដែលសហព័ន្ធកីឡាជាតិត្រូវមានផែនការត្រឹមត្រូវ ដើម្បីធ្វើការជ្រើសរើសកីឡាករ កីឡាការិនី ដែលមានឆន្ទៈ មានសមត្ថភាព ស្របតាមស្តង់ដារឱ្យមានគុណវុឌ្ឍិពិតប្រាកដប្រកបដោយសក្តានុពល ធានាដណ្តើមមេដាយបានជូនជាតិក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា នាឆ្នាំ២០២៣។

សូមបញ្ជាក់ថា ឆ្នាំ២០២១ គឺជាឆ្នាំយុទ្ធសាស្រ្តត្រៀមស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងការសម្រួចគោលដៅឱ្យទទួលបានជោគជ័យ នៅក្នុងស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ កាលពីខែកក្កដា ឆ្នាំ២០២០ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យសហព័ន្ធកីឡាជាតិនានា ប្រមូលផ្តុំក្រុមជម្រើសជាតិឈុតធំ និងឈុតថ្នាលក្រោមអាយុ១៨ឆ្នាំ និងច្របាច់បញ្ចូលគ្នា ក្នុងការបណ្តុះបណ្តាល បំប៉នសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣៕ដោយហេង ណាលីន