ករណីឆ្លងកូវីដ១៩ថ្មីនៅប្រទេសវៀតណាមនឹងកើនឡើងខ្ពស់ក្នុងរយៈពេល ១០ ថ្ងៃខាងមុខ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វៀតណាមថាម (០៦.០៨.២០)

វៀតណាម៖ គណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ របស់ប្រទេសវៀតណាម នៅថ្ងៃទី៦ ខែសីហានេះបានបញ្ជាក់ថាមានករណីឆ្លងថ្មីចំនួន ៤ បន្ថែមទៀតដែលក្នុងនោះមាន ៣ ករណីនៅខេត្តក្វាងណាមស្ថិតនៅភាគកណ្តាលប្រទេស និង ១ ករណីនៅទីក្រុងហាណូយ។

រាល់ករណីឆ្លងថ្មីគឺទាក់ទងនឹងទីក្រុងដាណាងទាំងអស់។ រហូតមកដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៦ ខែសីហានេះប្រទេសវៀតណាមមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ៧១៧ ករណីនិងមានអ្នកស្លាប់ចំនួន ៨ នាក់។

បន្ទាប់ពីធ្វើការវិភាគអំពីការឆ្លងនៃវីរុសនេះវិស័យសុខាភិបាលរបស់ប្រទេសវៀតណាមបានផ្តល់អនុសាសន៍ថាក្នុងរយៈពេល ១០ ថ្ងៃខាងមុខ ការឆ្លងកូវីដ ១៩ អាចនឹងកើនឡើង   ដូច្នេះ ​ប្រជាជនគួរតែប្រុងប្រយ័ត្ននិងគោរពតាមគោលការណ៍ណែនាំស្តីពីការការពារវីរុសកូវីដ១៩ឲ្យបានខ្ជាប់ខ្ជួន។