សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកអំណោយជូនជនក្រីក្រនៅស្រុកអង្គរជុំ

AKP សៀមរាប ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការ ងារនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនបងប្អូនក្រុមគ្រួសារជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការក្រីក្រ ចំនួន៦០គ្រួសា មកពី៦ឃុំ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប។ ពិធីជួបជុំចែកអំណោយត្រូវបានធ្វើឡើងនៅក្នុងបរិវេណ វត្តចារឈូក ស្រុកអង្គរជុំ។

អំណោយដែលជនក្រីក្រីទាំងនោះទទួលបានក្នុងមួយគ្រួសាៗមាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។

នៅក្នុងពិធីចែកអំណោយនោះ លោកជំទាវ ទាង អេង ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលជានិច្ចកាលសម្ដេច និងឯកឧត្តម តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការក្រីក្រ។

លោកជំទាវ ទាង អេង បានមានប្រសាសន៍ថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩។ លោកជំទាវក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩នេះទេ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ។

បើទោះបីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ កុំឱ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគមន៍។ សំខាន់ការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជា មួយរាជរដ្ឋាភិបាល និងអនុវត្តន៍ឱ្យបានតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំនូវសាប៊ូជាមួយទឹកស្អាត អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឱ្យបានត្រឹមត្រូវ។

លោកជំទាវ ទាង អេង ក៏បានក្រើនរម្លឹកផងដែរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅឋាន បំបាត់ទីជម្រក់មូសខ្លា ពេលនេះជារដូវភ្លៀងធ្លាក់។ ដោយឡែកការចាញ់បោកមេខ្យល់ នាំយកកូនចៅខ្លួនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងការអប់រំកូនចៅឱ្យចៀសចាកឆ្ងាយពីគ្រឿងញៀន ក៏ត្រូវបានលោកជំទាវ ទាង អេង ទៀ សីហា ក្រើនរម្លឹកផងដែរ។

លោកជំទាវ និងប្រតិភូអមដំណើរ រួមទាំងអាជ្ញាធរមូលដ្ឋាន ក៏បានអញ្ជើញធ្វើការដាក់ថ្នាំអាបែត តាមពាំងទឹកទៅតាមខ្នងផ្ទះ ក្នុងភូមិដូនស្វា ឃុំចាឈូក ស្រុកអង្គរជុំ ដើមី្បរួមគ្នាបំបាត់ជម្រកប្រភពមូសខ្លា ការពារជំងឺគ្រុនឈាម គ្រុនឈីក សំខាន់មូសខ្លាញីដែលជាប្រភពចម្លងជំងឺទាំងនោះ កុំឱ្យមកយាយីដល់សុខភាពយើងគ្រប់គ្នាបានឡើយ៕ដោយ៖ហង្ស សៀក