ព្រះករុណា ព្រះមហាក្សត្រ ផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ប្រធានាធិបតីលីបង់ ចំពោះការផ្ទុះដ៏មហាប្រល័យ នៅទីក្រុងបេរ៉ូត

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ —

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារ ជូនប្រធានាធិបតីលីបង់ នាយឧត្តមសេនីយ៍ MICHEL AOUN ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះសោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុផ្ទុះឆេះដ៏មហាប្រល័យមួយ នៅតំបន់កំពង់ផែ ក្នុងទីក្រុងបេរ៉ូត។

យោងតាមរយៈព្រះរាជសារ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទើបទទួលបាននាយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នេះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារ នៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងជូនពរអ្នករងរបួសឱ្យឆាប់បានជាសះស្បើយ។

គួររម្លឹកថា នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ (ម៉ោងនៅទីក្រុងបេរ៉ូត) មានហេតុការណ៍ផ្ទុះដ៏ខ្លាំងបំផុតមួយ ចេញពីឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត នៅតំបន់កំពង់ផែមួយ ក្នុងរដ្ឋធានីបេរ៉ូត នៃប្រទេសលីបង់ ដែលបណ្តាលឱ្យមានអ្នកស្លាប់ជាង១០០នាក់ និងរបួសជាង ៤ ០០០នាក់ ហើយបើតាមការប៉ាន់ស្មាន ចំនួនអ្នកបាត់បង់ជីវិតអាចនឹងកើនឡើងថែមទៀត៕

ដោយ ផែន រតនៈ