ស្នងការនគរបាលខេត្តតាកែវ ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដល់​នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៦០៣

AKP តាកែវ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានជួបសំណេះ​សំណាល​និងផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃស្តីពីការពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការចេញចូលឆ្លងកាត់តាមច្រកព្រំដែន ដើម្បីបង្ការទប់ស្កាត់ ការរីក​រាលដាល​ជំងឺកូវីដ-១៩ នៅកម្ពុជា​ដល់មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោក​លេខ​៦០៣។ ការ ចុះផ្សព្វផ្សាយនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក​ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការ​ដ្ឋានវរសេនា​តូច​នគរបាល​ការពារព្រំដែនគោកលេខ៦០៣ ស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។

​លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបាន​ធ្វើការ​ណែ​នាំដល់កម្លាំងនគរបាលការពារព្រំដែនទាំងអស់ត្រូវសហការជាមួយយោធាការពារព្រំដែន និង​អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តន៍ឱ្យបាននូវសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ជាពិសេស​ត្រូវ​ពិនិត្យមើលការបោះតង់របស់ភាគីវៀតណាមនៅតាមព្រំដែន និងត្រូវរាយការណ៍មកថ្នាក់លើ​ឱ្យបានជាប់ជាប្រចាំ។

លោកស្នងការបាន​បន្តថា ថ្មីៗនេះតំបន់មួយនៅក្នុងប្រទេសវៀត​ណាម​កំពុងមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

លោកបានបន្ដទៀតថា បញ្ហានេះបានធ្វើ​ឱ្យ​អាជ្ញាធរវៀតណាម​បិទ​ការចេញចូលតំបន់កំពុងតែឆ្លងទាំងអស់នេះផងដែរ ដូច្នេះដើម្បី​ទប់​ស្កាត់ជំងឺនេះកុំឱ្យឆ្លងចូលមកប្រទេសកម្ពុជា រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានដាក់ ចេញនូវវិធានការមួយចំនួនដល់អាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសវៀតណាម ជាពិសេសកង កម្លាំងប្រដាប់អាវុធដែលឈរជើងនៅតាមព្រំដែន ត្រូវធ្វើការពង្រឹងការត្រួតពិនិត្យមធ្យោបាយ ដឹកជញ្ជូននិងការចេញ-ចូលរបស់ប្រជាពលរដ្ឋ ប្រទេសទាំងពីរ។ ដោយអនុវត្តន៍​នូវវិធានការ​ចត្ដាឡីស័ករបស់ក្រសូងសុខាភិបាលឱ្យបានត្រឹមត្រូវ ចៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលមកក្នុងសហគមន៍របស់ប្រទេសកម្ពុជា។

​លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបន្ថែមថា កម្លាំងនគរបាល ដែលឈរជើង​នៅ​តាមព្រំដែនទាំងអស់ក៏ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់ចំពោះការឆ្លងដែនខុស​ច្បាប់តាមច្រក​ល្បៀងមួយចំនួន។ ជាមួយគ្នានេះ ក៏ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់បងប្អូន​ប្រជាពលរដ្ឋ​តាម​ព្រំដែនឱ្យមានការប្រុងប្រយ័ត្ននិងកុំលួចឆ្លងដែនដោយខុសច្បាប់ ដែលនាំឱ្យមានការឆ្លងជំងឺ​កូវីដ-១៩ រីករាលដាលនៅក្នុងសហគមន៍របស់យើង។ លោកស្នងការខេត្ត​បានធ្វើការ​ណែនាំ​ដល់មន្ត្រីនគរបាលវរការពារព្រំដែនទាំងអស់ ត្រូវតាមដាន និងត្រួតពិនិត្យឱ្យបានជាប់​ជាប្រចាំ​ចំពោះសកម្មភាពបោះតង់ថ្មីៗតាមព្រំដែនរបស់ភាគីវៀតណាម ហើយត្រូវរាយការណ៍មក​ថ្នាក់​លើដើម្បីមានវិធានការឆ្លើយតបតាមរយៈកំណត់ទូត ឬចរចាជាមួយភាគីវៀតណាមដោយ​ផ្ទាល់៕ ដោយ អ៊ុច សៀង