ក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច ឥណ្ឌូ-អាស៊ាន-អូសិនីក លើកទី១ តាមប្រព័ន្ធវីដេអូ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

​ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុង កិច្ចប្រជុំ កំពូលធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន-អូសិនីក លើកទី១ “INDO ASEAN Oceanic Business Summit and Expo” តាមប្រព័ន្ធវីដេអូ។

​កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួម ក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន -អូសិនីក លើកទី១ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការសម្រាប់ការធ្វើឱ្យប្រសើរឡើង នូវសេដ្ឋកិច្ច ក្នុងតំបន់» ដែលរៀបចំឡើងដោយ សហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) តាមប្រព័ន្ធវីដេអូ។
​កិច្ចប្រជុំកំពូលធុរកិច្ច និងពិព័រណ៍នេះមានការចូលរួមផងដែរ ពីមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល និងវិស័យឯកជន នៃប្រទេសឥណ្ឌា ប្រទេសជាសមាជិកអាស៊ាន និងបណ្ដា ប្រទេសនៅតំបន់មហាសមុទ្រដូចជា Fiji និងនូវែលសេឡង់ជាដើម។

​នាឱកាសថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលនេះ ឯកឧត្តមរដ្ឋលេខាធិការ ក្នុងនាម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួម ក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ និងមានមតិចូលរួម៖ ១- ជម្រាបជូន អង្គពិធី ពីវឌ្ឍនភាពនៃ ចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19) ដោយទប់ស្កាត់មិនឱ្យមានការរីករាលដាល ក្នុងសហគមន៍ដែលផ្តល់នូវសុខ សុវត្ថិភាពដល់ប្រជាជន វិនិយោគិន និងធុរកិច្ចជននៅ ក្នុងប្រទេសកម្ពុជា។ ​

២- សង្កត់ធ្ងន់ លើចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងភាគីឥណ្ឌា ជាពិសេសលើទំនាក់ទំនងលើ វិស័យពាណិជ្ជកម្ម។ បញ្ជាក់ពីការវិវឌ្ឍនៃការធ្វើពាណិជ្ជកម្ម ទ្វេភាគី ដែលមានការកើនឡើង ជាលំដាប់គួរឱ្យកត់សម្គាល់ ដោយទំហំពាណិជ្ជកម្មទ្វេភាគី នៅក្នុងឆ្នាំ២០១៧ និងកើនដល់ ២៧១លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បាន បញ្ជាក់ពីបំណងរបស់កម្ពុជា និងឥណ្ឌា ក្នុងការសិក្សាពីលទ្ធភាពក្នុងការចរចាកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា និងឥណ្ឌា ដែលកិច្ចព្រមព្រៀងនេះ នឹងចូលរួមជំរុញកំណើន ពាណិជ្ជកម្មរវាងប្រទេសទាំង ពីរផងដែរ។

៣- អំពាវនាវឱ្យមានកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសឥណ្ឌា ប្រទេសជាសមាជិកអាស៊ាន និងប្រទេសនៅតំបន់មហាសមុទ្រ ក្នុងការធ្វើសេរីភាវូបនីយកម្ម សេដ្ឋកិច្ច ការលុបបំបាត់វិធានការនិងរបាំងមិនមែនពន្ធគយ ការមិនគាំទ្រប្រព័ន្ធគាំពារនិយម និងជំនួសមកវិញនូវការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមជាពិសេសការគាំទ្រវត្តមាននិងតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក ជំរុញឱ្យមានវេទិកា ធុរកិច្ចជននឹងធុរកិច្ចជន និងជំរុញការចូលរួមពីសំណាក់ សហគ្រាស ធុនតូច និងមធ្យម (SMEs)។

៤- បញ្ជាក់ជូនអង្គពិធីនូវផែនការជាយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការសំដៅធ្វើសមាហរណកម្ម និងការធ្វើឱ្យប្រសើរឡើងនូវ សេដ្ឋកិច្ចតំបន់ ដែលនឹងជួយជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងឱកាសការងារ។ ផែនការទាំងនោះរួមមាន ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃ គូពាណិជ្ជកម្មសក្តានុពល បន្តការចរចាឱ្យ ប្រសើរឡើងបន្ថែមទៀត នូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មតំបន់ ដែលមានស្រាប់ក្រោមក្របខ័ណ្ឌ អង្គការពាណិជ្ជកម្ម ពិភពលោក អាស៊ាននិងដៃគូអាស៊ាន និងរៀបចំវេទិកាធុរកិច្ចនិងពិព័រណ៍ពាណិជ្ជកម្ម។ល។

៥- ជម្រាបជូន ពីការធ្វើកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបង្កើត បរិយាកាសល្អ ប្រសើរ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគ ការកាត់បន្ថយការចំណាយ ក្នុងការធ្វើអាជីវកម្ម សម្រួលពាណិជ្ជកម្ម បង្កើន លទ្ធភាពប្រកួតប្រជែងក្នុងឆាកអន្តរជាតិ និងដើម្បីចូលរួមក្នុង ខ្សែច្រវាក់ផលិតកម្មសកល៕ ដោយ ម៉ៅ ចរិយា