គណៈកម្មការទី៨ នៃព្រឹទ្ធសភា យកនាំយកទៀនព្រះវស្សា ទេយ្យទាន និងទេយ្យវត្ថុ ទៅប្រគេន ព្រះសង្ឃ គង់នៅវត្តសសរ១០០ ក្នុងខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

​ឆ្លៀតក្នុងឱកាសចុះបំពេញបេសកកម្មក្នុងទឹកដីខេត្តក្រចេះ គណៈប្រតិភូគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ រួមជាមួយអាជ្ញាធនខេត្ត លោកយាយជី លោកតាជី និងបងប្អូនពុទ្ធបរិស័ទ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងចតុបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសសរ១០០ ស្ថិតក្នុងឃុំសំបូរ ស្រុកសំបូរខេត្តក្រចេះ។

បន្ទាប់ពីជួបជុំជាមួយពុទ្ធបរិស័ទជិតឆ្ងាយ រៀបចំពិធីសូត្រមន្ត អុជធូបថ្វាយព្រះរតន ត្រ័យទៅតាមជំនឿសាសនា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បានឧទ្ទិសមហាកុសលផលបុណ្យទៅដល់បុព្វការីជនទាំងឡាយ ដែលបានលាចាកលោក ទៅខាងមុខ សូមទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រគេនពរ និងជូនពរ ដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់អង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមរួចចាកផុត ពីគ្រោះឆ្លងរាលដាល នៃមេរោគកូវីត-១៩ និងសូមឱ្យមានកាយពលមាំមួន សម្រេចបាននៅស្នាដៃជាសមិទ្ធផលធំៗថែមទៀត ក្នុងបុព្វហេតុ ការពារសន្តិភាព និងអភិវឌ្ឍន៍ជាតិមាតុភូមិ។

​ក្នុងឱកាសនោះដែរលោកជំទាវប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បានជួបសំណេះ សំណាលជាមួយលោកយាយ លោកតា និងបងប្អូនពុទ្ធបរិស័ទ ដែលបានចូលរួម ដោយ លោកជំទាវប្រធាន បានមានប្រសាសន៍ ផ្តាំផ្ញើអាជ្ញាធរមានសមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្ត សូមចូលរួមប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ថែរក្សាសុខភាពកុំឱ្យ ឆ្លងជំងឺកូវីដ១៩ នឹងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល ហើយត្រូវពាក់ម៉ាស់ ពេលចេញធ្វើដំណើរជាដើម និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួង សុខាភិបាលឱ្យបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពទាំងអស់គ្នា។

ជាមួយគ្នានេះដែរ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានចែកនូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ លោកតាជី លោកយាយជី ក្នុងម្នាក់ៗទទួលបានសារុង០១ ក្រណាត់ស០១ និងថវិកាមួយចំនួនផង ដោយឡែក សាលាស្រុកសំបូរថវិកា១លានរៀល សាលាឃុំថវិកា១លានរៀល កងកម្លាំងទាំងបីផ្នែក១លានៗរៀលផងដែរ។

សូមបញ្ជាក់ថា ទេយ្យទាន ទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនាពេលនេះរួមមាន៖ ទៀន ព្រះវស្សា០១គូរ សាដក់ ទៀន ធូប តែ ស្ករ អង្ករ៥បាវ ទឹកសុទ្ធ២កេស ទឹកផ្លែឈើ២កេស ទឹកស៊ីអ៊ីវ ១កេស មី១កេសធំ ត្រីខ២កេសធំ មីសួរ២ថង់ធំ សៀវភៅ ព្រមទាំងបរិក្ខារផ្សេងៗ និងចតុបច្ច័យ២លានរៀល។ ដោយឡែក ចំពោះចតុបច្ច័យរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២លានរៀលក៏ត្រូវបានប្រគេនដល់ វត្តផងដែរ៕

ដោយ ​ប៉ាល់សុង