មន្រ្ដីជាន់ខ្ពស់ក្រសួងផែនការ៖ បញ្ហាខ្វះជាតិអ៊ីយ៉ូដគឺជាបញ្ហាចម្បងមួយក្នុង​ចំណោមបញ្ហាបី​ទៀតដែលស្ថាប័នពាក់ព័ន្ធត្រូវយកចិត្ដទុកដាក់

AKP ក្រចេះ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

ឯកឧត្ដម សុខ សុយ៉ុន អនុរដ្ឋលេខាធិការក្រសួងផែនការបានលើកឡើងថា បញ្ហាខ្វះជាតិ អ៊ីយ៉ូដគឺជាបញ្ហាចម្បងមួយនៅក្នុងចំណោមបញ្ហាបីទៀតដែលស្ថាប័នពាក់ព័ន្ធត្រូវយកចិត្ដទុកដាក់ ក្នុងនោះរួមមាន បញ្ហាកង្វះប្រូតេអ៊ីននិងថាមពល បញ្ហាកង្វះជីវជាតិអា និងបញ្ហា​កង្វះជាតិដែក។

ថ្លែង​ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការគ្រប់គ្រងការធ្វើអាជីវ កម្មអំបិលអ៊ីយ៉ូដ នៅ​ខេត្ត​ក្រចេះ​ កាលពីព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ នឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម សុខ សុយ៉ុន បានមានប្រសាសន៍ថា ចំពោះ បញ្ហាកង្វះជាតិអ៊ីយ៉ូដនេះ បានធ្វើឱ្យការវិវត្តនៃរូបរាងកាយ​និងការលូតលាស់ខាង​ប្រាជ្ញា ស្មារតី​របស់កុមារមានភាពយឺតយ៉ាវ ហើយប្រសិនបើមានកង្វះជាតិអ៊ីយ៉ូដកើតឡើង តាំង​ពីទារកនៅក្នុងផ្ទៃម្ដាយនោះ វានឹងបណ្ដាល ឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេល ប្រសូត​មកវានឹងធ្វើឱ្យខួរក្បាលទារកមិនអាចលូតលាស់និងមិនអាចកែលម្អបានវិញឡើយ។ បញ្ហា​នេះវាពិតជានឹងធ្វើឱ្យប៉ះពាល់ដល់ការចុះខ្សោយនូវធនធានមនុស្ស ដែលជាធន​ធានមាន​តម្លៃខ្ពស់បំផុតនិងជាកត្តាកំណត់លើរាល់សក្តានុពលផ្នែកសេដ្ឋកិច្ចរបស់ជាតិនីមួយៗ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្ដថា ការបើកសិក្ខាសាលានេះឡើងក្នុងគោល បំណងដើម្បីសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​ការលើក​កម្ពស់​សេវាសុខភាពសាធារណៈនិងការលើកកម្ពស់ស្ថាន ភាពអាហាររូបត្ថម្ភ​តាម​រយៈការ​បញ្ចូល​មីក្រូសារជាតិក្នុងចំណីអាហារ។

លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តបានឱ្យដឹងថា អនុវត្តន៍​តាមខ្លឹម សារអនុក្រឹត្យលេខ៦៩ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ ២០០៣ រដ្ឋបាលខេត្ត​បានបញ្ឈប់ការបញ្ជាទិញអំបិលគ្មានជាតិអ៊ីយ៉ូដ និងការដាក់លក់នៅលើទីផ្សារក្នុងខេត្ត ក្រចេះ។ លោកអភិបាលរងខេត្តបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្តនឹងចាត់វិធានការ និង​ជំរុញដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ ក្នុងការចុះត្រួតពិនិត្យ​គុណភាពអំបិលអ៊ីយ៉ូដនៅទីតាំងផលិតនិងការចែកចាយ ជាពិសេសមន្ទីរពាណិជ្ជកម្ម សា​ខា​កាំកុងត្រូលនឹងចុះធ្វើការត្រួតពិនិត្យគុណភាពអំបិលអ៊ីយ៉ូដនៅលើទីផ្សារជាប្រចាំ។

​ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងផែនក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធ អង្គការ​ដៃគូ​អភិវឌ្ឍន៍នានាទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិចូលរួមចំណែកជំរុញនិងឧបត្ថម្ភគាំទ្រដល់កម្មវិធីលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដនៅកម្ពុជាដើម្បីសុខភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ត្រី និងកុមារនៅក្នុងខេត្តក្រចេះ ក៏ដូចជាក្នុងព្រះរាជាណាចក្រ​កម្ពុជា៕

ដោយ ជួន សុជាតិ