អាជ្ញាធរខេត្ដបន្ទាយមានជ័យ ចុះពិនិត្យមើលដំណាំស្រូវជាង៦៦,០០០ហិកតានៅក្នុងខេត្ត កំពុងរងផលប៉ះពាល់​ដោយគ្រោះរាំងស្ងួត

AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដបន្ទាយមានជ័យ បានឱ្យដឹងថា ដំណាំ ស្រូវវស្សាប្រមាណជាង៦៦,០០០ហិកតា នៅក្នុងខេត្ត កំពុងរងផល​ប៉ះពាល់ដោយ​សារ​កត្តាគ្រោះរាំងស្ងួត ដោយគិតត្រឹមថ្ងៃទី០៥ខែសីហា​ឆ្នាំ២០២០នេះ។

​ក្នុងឱកាសចូលរួមជាមួយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ ក្នុងការចុះពិនិត្យស្ថានភាពស្រូវប្រឈមខ្វះទឹក និង​រកដំណោះស្រាយដល់កសិករនៅភូមិសាស្ត្រក្នុងស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ កាលពី ​​ព្រឹកថ្ងៃទី០៥ខែសីហាឆ្នាំ២០២០នេះ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ដំណាំស្រូវវស្សាជាង​៦៦,០០០ហិកតាលើផ្ទៃដីស្រូវដាំដុះបាននៅទូ​ទាំងខេត្តចំនួន២៥៤,៥៩៨ហិកតា គិតត្រឹម​ថ្ងៃទី០៥ ខែសីហានេះ​នឹងអាចរងការខូចខាតប្រសិនបើគ្មានភ្លៀងធ្លាក់​ជួយសង្គ្រោះនៅ​ពេល​​ខាងមុខនេះ។ លោកប្រធានមន្ទីរបានបន្ដថា សម្រាប់ស្រុកមង្គលបូរី បានរងផល​ប៉ះពាល់ខ្លាំងជាងគេលើដំណាំស្រូវជាង៧,០០០ហិកតា ដែលភាគច្រើនស្រូវបង្កើនរដូវ ប្រភេទស្រូវសែនក្រអូបដោយ​សារតែគ្មានប្រភពទឹកជួយសង្គ្រោះបានដោយ​រង់ចាំតែមាន​ទឹកភ្លៀងធ្លាក់ប៉ុណ្ណោះ។ ដោយឡែក​​ស្រុក​ក្រុងផ្សេងៗទៀត​តាមរបាយការណ៍ក៏កំពុង​ប្រឈមផលប៉ះពាល់ដោយកត្តាគ្រោះរាំងស្ងួតនេះដែរ តែ មិនឈានដល់ការខូចខាតទាំង ស្រុងនោះទេ ។

​​​លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​បាន​ប្រាប់ឱ្យដឹង​ដែរថា ដោយសារកត្តាបម្រែបម្រួលអាកាសធាតុដើមរដូវវស្សា ​ក្នុងឆ្នាំ២០២០នេះ​នៅខេត្ត បន្ទាយមានជ័យមានរបាយទឹកភ្លៀងតិចតួចក្នុងនោះស្រុកមង្គលបូរីមិនសូវទទួលបានភ្លៀងធ្លាក់ជោគជាំ​។ ទន្ទឹមនេះ ដោយសារមើលឃើញពីទិន្នផលទទួល​បានច្រើនពីការធ្វើស្រែ​បង្កើនរដូវ(ស្រែប្រាំង)នោះប្រជាកសិករបាននាំគ្នាសម្រុកធ្វើលើសផែនការដែលធ្វើឱ្យទឹកស្រោចស្រពពីទឹកស្ទឹងមង្គលបូរី​ត្រូវរីងអស់។ លោកប្រធានមន្ទីរធនធានទឹកបានបន្ដ​ទៀត​ថា កន្លងមកនេះមន្រ្ដី​ជំនាញធនធានទឹកខេត្តសហការជាមួយស្រុកមង្គល​បូរី​ បានចុះ​ដាក់​ម៉ាស៊ីនបូមទឹកពីស្ទឹងទៅស្រោចស្រពនិងសហការបើកបង្ហូរមកពីស្ទឹងបវិល អាងកំពីងពួយ ជាដើមមកជួយដល់ដំណាំស្រូវស្រុកមង្គលបូរីនេះ។ រីឯនៅស្រុកភ្នំស្រុកយើងក៏បានបើក​បង្ហូរទឹកពីអាងត្រពាំងថ្មទៅជួយសង្គ្រោះផ្នែកខាងក្រោមនិងស្រុកព្រះនេត្រព្រះផងដែរ ។

ចំណែកលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ដែរថា ដោយមានការណែនាំ​ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងបទបញ្ជារបស់ ឯកឧត្តម អភិបាលខេត្ត បានចាត់ការបន្ទាន់ដោយនាំយកគម្រោងអណ្តូងទឹកស្នប់ចំនួន១៣ អណ្តូង​ស្នប់ គម្រោងខួងបានជោគជ័យចំនួន០៦ អណ្តូងអាចយកទឹកជូន​ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មជាដើម ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន​ ដាក់ចេញជាវិធានការ​ដោះ​ស្រាយបន្ទាន់គឺឱ្យអាជ្ញាធរឃុំ មន្ត្រីជំនាញចុះពិនិត្យស្រង់ទិន្នន័យជាក់លាក់​ពីផលប៉ះពាល់ និងដំណាំស្រូវខូចខាតរបស់ប្រជាពលរដ្ឋដើម្បីស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីស្នើសុំស្បៀង​បន្ទាន់​និងស្រូវពូជផ្តល់កសិករខ្វះខាតបន្តដាំដុះឡើងវិញតាមពេលវេលាជាក់ស្តែងនោះ។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដីរួមជាមួយជំនាញ​ពាក់​ព័ន្ធ​បានធ្វើការរិះរកដំណោះស្រាយគ្រប់ផ្នែកទាំងអស់ជូនប្រជាកសិករយើង។ ឯកឧត្តម បាន ជំរុញដល់មន្រ្ដីជំនាញធនធានទឹកខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានបន្តពិនិត្យសិក្សាលទ្ធភាពស្តារអាងទឹកបុរាណ ប្រឡាយនានាជាបន្ទាន់បន្ថែមទៀតដើម្បីស្តុកទឹកឱ្យបាន ច្រើនថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការដាំដុះរបស់បងប្អូនប្រជាកសិករយើងនាពេលបច្ចុប្បន្ននេះ៕

ដោយ ឈុន សារ៉ាត