CNCC បង្ហាញកម្មវិធីប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានបង្ហាញតារាងកម្មវិធីប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ១៦ក្រុម នាសប្តាហ៍ក្រោយនេះ។

ចំពោះការប្រកួតជើងទី១ គ្រោងនឹងធ្វើឡើងនាថ្ងៃពុធ ទី១២ ខែសីហា មាន៥ប្រកួត និងថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា មាន៣ប្រកួត ហើយការប្រកួតជម្រុះជើងទី២ ផ្លាស់ប្តូរទឹកដី គឺថ្ងៃទី១៩ ខែសីហា មាន៤ប្រកួត និងថ្ងៃទី២០ សីហា ឆ្នាំ២០២០ មាន៤ប្រកួត។ ក្រុមដែលឈ្នះៗ ក្រោយសរុបលទ្ធផលទាំងពីរ​ជើងនឹងត្រូវឡើងទៅប្រកួតជម្រុះបន្ត នៅវគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិ។ សម្រាប់វគ្គ១៦ក្រុមថ្នាក់ជាតិនេះ គឺ៤ក្រុមជាជ័យលាភីមកពីថ្នាក់ខេត្តរួមមាន ក្រុមខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកែប និងខេត្តសៀមរាប ខណៈ១២ក្រុម ក្នុងចំណោម១៣ក្រុម គឺជាក្រុមកំពុងស្ថិតនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា លើកលែង​តែយុវជនបាទីមិនចូលរួមប្រកួតប្រជែង។

ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចែកចេញជាពីរថ្នាក់ គឺថ្នាក់ ខេត្ត និងថ្នាក់ជាតិ ប៉ុន្តែក្រុមថ្នាក់ខេត្តមិនធ្លាប់ប្រជែងបានជើងឯកថ្នាក់ជាតិនោះទេ ដោយភាគច្រើនឡើងមក​ដល់ថ្នាក់ជាតិ គឺភាគច្រើនធ្លាក់ត្រឹមវគ្គជម្រុះ ដោយសារក្រុមថ្នាក់ជាតិមានភាពខ្លាំងក្លាជាង។

សូមរម្លឹកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ កាលពីរដូវកាល២០១៩ ក្រុមបឹងកេត​គ្រងម្ចាស់ដំណែងជើងឯកក្រោយពីបានយកឈ្នះជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ ដោយ​លទ្ធផលប៉េណាល់ទីកាត់សេចក្តី ៥ទល់៤ បន្ទាប់ពីបញ្ចប់លទ្ធផលប្រកួតពេញម៉ោង ៩០នាទី ១ទល់១៕

ដោយ ហេង ណាលីន