អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា៖ អាស៊ានប៉ារ៉ាហ្គេម ២០២១ ជាយុទ្ធសាស្ត្រត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម គឺជាឆ្នាំយុទ្ធ​សាស្ត្រ ដើម្បីឈានទៅទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា នេះគឺការចូលរួមកសាងយុទ្ធសាស្ត្រ ដោយត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងលើកត្តាមួយចំនួន ក្នុងនោះក្រសួងកំពុងធ្វើសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា និងកិច្ចសហការ ជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្ដមបានលើកឡើងថា មាន២ចំណុចសំខាន់ ដែលយើងអាចទទួលរៀបចំម្ចាស់ផ្ទះនេះបាន គឺការលើកគម្រោងឱ្យ​បានច្បាស់​លាស់ ក្នុងការបណ្តុះបណ្តាលធនធានឱ្យមានសក្តានុពលក្នុងស្រុករបស់យើង ដោយសំដៅលើអាជ្ញា​កណ្តាល គ្រូបង្វឹក និងផ្នែកជាច្រើនទៀត ដើម្បីជួយគាំទ្រដល់អត្តពលិក។ ឯកឧត្តមអគ្គលេខាធិការ​បានធ្វើ​ទំនាក់ទំនងជាមួយសហព័ន្ធកីឡាជនពិការអាស៊ាន អាស៊ី និងពិភពលោក ដើម្បីឱ្យជួយដល់ការ​រៀបចំ​បច្ចេកទេស នៅកម្ពុជា។ ជាមួយនឹងការរៀបចំទទួលធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺនៅខ្វះធនធានមនុស្ស នៅខ្វះធនធានថវិកា ដូច្នេះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា​នឹងរៀបចំមូល​និធិរៃអង្គាសដើម្បីជួយដល់ក្រុមអត្តពលិកដែលមានសក្តានុពលឱ្យកាន់តែមានសមត្ថភាពក្នុងការប្រកួតប្រជែង មេដាយយកមកជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ។

ឯកឧត្តម យី វាសនា បានអះអាងថា ឆ្នាំ២០២០នេះ អត្តពលិកពិការមានចំនួន១២៥នាក់ ហើយ​ជាយុទ្ធសាស្ត្រយើងនឹងកសាងអត្តពលិកពិការឱ្យបានដល់៣៥០នាក់ ដើម្បីត្រៀមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រោះការធ្វើម្ចាស់ផ្ទះ ត្រូវមានអត្តពលិកច្រើន ដូចបណ្តាប្រទេសដទៃទៀត ក្នុងអាស៊ាន។ ជាមួយគ្នានេះ ដូចជានៅប្រទេសម៉ាឡេស៊ី ថៃ វៀតណាម មិនមែនជាម្ចាស់ផង គេមានអត្តពលិក​ចូលរួម​ប្រកួតប្រជែងមេដាយ រហូតដល់៤០០នាក់ ឬ៥០០នាក់ឯណោះ ដើម្បីបង្ហាញនូវសក្តានុពល ក្រៅពីយុទ្ធ​សាស្ត្រអត្តពលិក៣៥០នាក់ គឺគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជានឹងត្រៀមបម្រុង​ជនពិការប្រមាណ​៥០០នាក់ផ្សេងទៀត សម្រាប់ការចូលរួមម្ចាស់ផ្ទះនេះ ដោយប្រទេសចូលរួមហែរក្បូន ៤០០នាក់ ហើយ​កម្ពុជា​ហែរតែ៣៥០នាក់ ដែលនេះនឹងធ្វើឱ្យបាត់បង់ឥទ្ធិពល និងកិត្តិយសផង។ ឯកឧត្ដមបានបន្ដថា ដោយសារតែបញ្ហាទាំងនេះហើយ ទើបយើងបាន​រៀប​ចំផែនការត្រៀមទុកជាមុន សរុបចំនួន៨៥០នាក់ ទាំងអត្តពលិកសក្តានុពល និងបម្រុង ដើម្បីដោះដូរក្នុងការពេលប្រកួត ឬការចូលរួមផ្សេងៗទៀត ក្នុង​គោល​ដៅបង្ហាញឥទ្ធិពល និងកិត្តិយសជាតិលើវិស័យកីឡាជនពិការកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ នាពេល​នោះ។ ក្រៅពីនេះ កម្ពុជាក៏ត្រៀមលើហេដ្ឋារចបានសម្ព័ន្ធកីឡានានា ដែលបម្រើដល់ការប្រកួតឱ្យ​ស្របតាម​គោលការណ៍ប្រភេទកីឡា វិញ្ញាសា ដែលគណៈកម្មការបច្ចេទេសអាស៊ានបានកំណត់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ហ្គេម ទើបកកើតក្នុងឆ្នាំ២០០១ ប៉ុណ្ណោះ ដែល​ឆ្នាំ២០២៣ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលទទួលធ្វើម្ចាស់ផ្ទះជាលើកទី១ ទាំងស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយអ្វីដែលសំខាន់បំផុតនោះ គឺការទទួលភ្ញៀវដោយភាពសប្បាយ​រីករាយ​រាក់ទាក់ ប្រកបដោយសេចក្តីថ្លៃថ្នូរ ដើម្បីកិត្តិយសជាតិនៅក្នុងសហគមន៍អាស៊ាន ក៏ដូចជាបន្តការកសាង​កេរ្តិ៍ឈ្មោះ​លើឆាកអន្តរជាតិផងដែរ។ ទន្ទឹមនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបាន​ស្នើសុំ​កាល​បរិច្ឆេទ​នៃការរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជូនដល់គណៈកម្មាធិការជា​តិរៀប​ចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន និងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ បានដាក់ស្នើទៅរាជ រដ្ឋាភិបាលកម្ពុជា ពីថ្ងៃទី០១​ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

ដោយ ហេង ណាលីន