ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បើកវេទិកាថ្នាក់ស្រុក នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០–

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើ ញបើកវេទិកាថ្នាក់ស្រុកនៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

អង្គវេទិកាបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ រៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីបញ្ហាមួយចំនួនដូចជា៖ ទី១-ស្ថានភាពជំងឺកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ន វិធានការបង្ការការពារ ទប់ស្កាត់ អប់រំប្រជាពលរដ្ឋ។ ទី២-ការកំណត់អត្តសញ្ញាណកម្មជនក្រីក្រ១ ជនក្រីក្រ២ និងការបែងចែកកញ្ចប់ថវិកាជូនប្រជាពលរដ្ឋ។ ទី៣- តើមានគោលការណ៍អ្វីខ្លះសម្រាប់ដោះស្រាយជីវភាពប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងវិស័អប់រំក្នុងពេលមានជំងឺកូវីដ-១៩នេះ។ ទី៤-ការអនុវត្តគោលនយោយបាយភូមិ ឃុំ មានសុវត្ថភាពទាំង៩ចំណុចនៅមូលដ្ឋាន។ ទី៥-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងមកដូចជា អត្រានុ កូលដ្ឋាន ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ។ ទី៦- ការដកថវិកាសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ នៅមូលដ្ឋាននាពេលកន្លងមក។ទី៧-បញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ។
បន្ទាប់ពីស្តាប់របាយការណ៍ លោក រ៉េត បូរ៉ាន់ អភិបាលស្តីទីស្រុកតំបែររួចមក ឯកឧត្ត ម អ៊ុក ប៊ុនឈឿន បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរស្រុក ក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាំងឡាយ ដែលអាជ្ញាធរថ្នាក់មូលដ្ឋានបានលើកឡើង និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធ ត្រូវចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរស្រុកពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នឹងនាំយកបញ្ហាប្រឈម និងសំណូមពរទាំងពួងរាយការណ៍ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ និងគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានធ្វើការផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ សូមចូលរួម និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុក សូមប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ នឹងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ជែល សម្លាប់មេរោគហើយប្រើប្រាស់ម៉ាសឱ្យបានជាប្រចាំ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពុយើងទាំងអស់គ្នាផងដែរ៕ ដោយ៖ប៉ាល់ សុង