រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញាតឱ្យសមាគមវារីវប្បករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០–

នៅទីស្តីការក្រសួង ថ្ងៃអង្គារ ១៥កើត ខែស្រាព ណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យសមាគមវារីវប្បករកម្ពុជា ដែលដឹកនាំដោយលោក សុខ រ៉ាដែន ចូលជួបសម្តែងការគួរសម ដែលក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល សមាជិកសមាគមវារីវប្បករ មកពីតាមបណ្តាខេត្តទូទាំងប្រទេស តំណាងក្រុមហ៊ុនចិញ្ចឹមត្រី ផលិតចំណីត្រី និងមន្រ្តីជំនាញសំខាន់ៗមួយចំនួនទៀត។

នៅក្នុងជំនួបនេះ លោក សុខ រ៉ាដែន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី អំពីការរីកចម្រើនរបស់សមាគម និងបញ្ហាប្រឈមសំខាន់ៗ ដើម្បីយកទៅអនុវត្តន៍ឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ បង្កង កន្ធាយ និងកង្កែប ទាំងបរិមាណ និងគុណភាព ធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ និងឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងខណ:សេដ្ឋកិច្ចជាតិកំពុងជួបវិបត្តិដោយសារជំងឺឆ្លងកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗ ដែលសមាគមវារីវប្បករកម្ពុជាសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តួនាទី ភារកិច្ច និងសមិទ្ធផលដែលសមាគមសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនបរិមាណផលចាប់មច្ឆាជាតិ ពីវិស័យវារីវប្បកម្ម កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ស្របតាមកំណើនប្រជាជន កំណើនតម្រូវការទីផ្សារ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាប់ចំណូល និងធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនកំពុងប្រឈមនឹងវិបត្តិដោយសារជំងឺឆ្លងកូវីដ-១៩។ សំខាន់ជាងនេះទៅទៀត គឺស្របពេល និងទាន់សភាពការណ៍អនុវត្តន៍ជាក់ស្តែងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ខេត្តព្រៃវែងថា វារីវប្បករគួរចងក្រងសមាគមដើម្បីបង្កើត ឬរួបរួមគ្នាជាកម្លាំង សម្រាប់ធ្វើការតវ៉ាពីតម្លៃទទួលបាន ការបណ្តុះបណ្តាលបច្ចេកទេស ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត។ ជាងនេះទៅទៀត សម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២. ០០០លានរៀល ដើម្បីពង្រីកការចិញ្ចឹមតាមគ្រួសារកសិករដែលមានបំណងចិញ្ចឹម ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដោយសម្តេចបានសន្យាថា នឹងបន្ថែមថវិកាជូនបន្ថែមទៀត ប្រសិនបើមានតម្រូវការចាំបាច់។

ក្នុងឱកាសនោះប្រធានក្រុមប្រឹក្សាសមាគម សមាជិកសមាគម និងក្រុមហ៊ុនផលិតចំណីត្រី បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ និងជាពិសេសអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានជួយឧបត្ថម្ភ និងគាំទ្រនូវរាល់សកម្មភាពរបស់សមាគមវារីវប្បករកម្ពុជា ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

ក្នុងនាមឱ្យសមាគមវារីវប្បករ លោក សុខ រ៉ាដែន សន្យាថា នឹងខិតខំបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មឱ្យមានការរីកចម្រើនថែមទៀត ធ្វើយ៉ាងណាចូលរួមផ្គត់ផ្គង់ទាំងបរិមាណ និងគុណភាពទីផ្សារក្នុងស្រុក និងឈានជាជំហានៗទៅធ្វើការនាំចេញ។ លោកក៏បានស្នើសុំ ឱ្យជួយធ្វើការទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាទឹក សម្រាប់ចិញ្ចឹមត្រី បញ្ហាតម្លៃភ្លើង និងចំណីត្រី។

ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកសំណើរបស់សមាគម រួចថានឹងនាំយកសំណើនេះទៅជូនក្រសួងពាក់ព័ន្ធ ធ្វើការពិនិត្យពិចារណាដោះស្រាយតាមការចាំបាច់។ ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជំរុញការងារផ្សព្វផ្សាយបច្ចេកទេស ផលិតចំណី និងបង្កាត់ពូជឱ្យបានទូលំទូលាយ ស៊ីជម្រៅ និងបានទៅដល់ប្រជាកសិករបានទាន់ពេល និងទាន់សភាពការណ៍បច្ចុប្បន្ន៕ដោយ សេង សុវណ្ណនី(ប្រភពក្រសួងកសិកម្ម)