ទំព័រហ្វេសប៊ុកនាយករដ្ឋមន្រ្តីកម្ពុជា មានអ្នកតាមដានជាង ១៣ លាននាក់

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ​២០២០ –អ្នកដែលបានតាមដានទំព័ររហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកើនលើស ១៣លាននាក់ហើយ គិតត្រឹមព្រឹកនេះ។​

នាព្រឹកថ្ងៃទី ០៥ ខែសីហាឆ្នាំ ២០២០ វេលាម៉ោង ៩ ព្រឹក ដែលជាថ្ងៃខួបកំណើតពិតប្រាកដរបស់សម្តេច ហ្វេសប៊ុកផ្លូវការរបស់សម្តេច បានកត់ត្រាចំនួនអ្នកចូលចិត្ត (Likes) សរុប ១២.៩៨៧.៨១៧ នាក់ និងអ្នកដែលបានតាមដានព័ត៌មាន (Followers) ចំនួន ១៣.០៧៥.១៦០ ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមេដឹកនាំដែលបម្រើការយូរជាងគេនៅអាស៊ីអាគ្នេយ៍ និងជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាង​គេបំផុតនៅលើពិភពលោក ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ១៩៨៥ មក។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកដែលតែងតែ និងលើកទឹកចិត្តប្រជាជនឱ្យប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។

សម្តេចតេជោ ហ៊ុន សែន កើតនៅថ្ងៃទី0៥ ខែសីហា ឆ្នាំ១៩៥២ ប៉ុន្តែការកត់ត្រាផ្លូវការ គឺនៅថ្ងៃទី0៤ ខែមេសា ឆ្នាំ១៩៥១ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ចាប់តាំងពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានកាន់មុខតំណែងជាច្រើន មានរដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងឆ្នាំ១៩៧៩ ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ពីឆ្នាំ១៩៨១ ដល់ ១៩៨៥ បន្ទាប់មកជានាយករដ្ឋមន្រ្ តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស ពីឆ្នាំ១៩៨៥ ដល់ ១៩៩១ និង បានចូលរួមការបោះឆ្នោតហើយដឹកនាំគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត និងបានកាន់តំណែងជានាយករដ្ឋមន្រ្តីរហូតដល់បច្ចុប្បន្ន ។

នៅក្នុងអំឡុងពេលដឹកនាំព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើនដូចជា ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសគឺសន្តិភាព និងការបញ្ចប់សង្រ្គាមស៊ីវិលដែលជាឬសគល់ នៃការអភិវឌ្ឍកម្ពជាដល់សព្វថ្ងៃនេះ​​។

ដោយ ហេង បញ្ញា