អភិបាលរងខេត្ត ចុះពិនិត្យការដាំដុះបន្លែរបស់សហគមន៍បន្លែបៃតង នៅឃុំទឹកវិល

AKP កណ្តាល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០–

នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត កណ្តាល បានដឹកនាំប្រតិភូចុះពិនិត្យការដាំដុះបន្លែរបស់សហគមន៍បន្លែបៃតង ក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីជំរុញការផលិត និង ផ្គត់ផ្គង់បន្លែដែលមានគុណភាពលើទីផ្សារដើម្បីឱ្យបន្លែមានសុវត្ថិភាព។

ក្នុងឱកាសចុះពិនិត្យមើលបន្លែគ្រប់មុខនោះ ឯកឧត្តម គីម រិទ្ធី បានលើកទឹកចិត្តក្នុងការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណៈគ្រួសារ នៅក្នុងឃុំទឹកវិលនេះ ដើម្បីបង្កើនជីវភាពគ្រួសារ ហើយបន្លែធម្មជាតិទាំងនេះអាចនាំយកទៅលក់នៅលើទីផ្សារ ក្នុងភូមិ ឃុំ ស្រុក ថែមទៀតផង ។ ព្រោះបន្លែទាំងនេះគ្មានជាតិគីមី ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកហូប និងម្យ៉ាងទៀតជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។ ការងារដាំដុះដំណាំនេះ អាចបង្កើនជីវភាពគ្រួសារតាមរយៈការដាំបន្លែរួមផ្សំ ។ ឯកឧត្តមសង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលនឹងនាំគ្នាបន្តដាំដុះបន្លែផ្លែឈើ កាន់តែផុលផុសនាពេលខាងមុខ។

ឯកឧត្តម ក៏បានធ្វើការណែនាំប្រជាកសិករទាំងនោះ ត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះ និងថែទាំបន្លែគ្មានជាតិគីមីនេះឱ្យបានល្អ ប្រសិនបើមានការខ្វះខាតនូវលក្ខណៈបច្ចេកទេសដាំដុះណាមួយ មន្ត្រីកសិកម្ម និងជួយជាប្រឹក្សាផ្តល់យោបល់បន្ថែមអំពីលក្ខណៈដាំដុះតាមបច្ចេក ទេសថ្មីទទួលបានផលច្រើន និងគ្មានជាតិគីមី។

ឯកឧត្តម បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ។ ទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។

ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ហើយពិតណាស់ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណ:ងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចម្ការ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។

ឯកឧត្តម បានស្នើសុំឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផលនេះ ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព ដើម្បីកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយការនាំចូលបន្លែពីបរទេស ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)