សម្ដេច​តេ​ជោ ហ៊ុន សែន​៖ ថ្ងៃកំណើត​ពិតប្រាកដរ​បស់​ខ្ញុំ​គឺ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​១៩៥២

AKP ភ្នំពេញ ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ ក្នុងខណៈដែល​ថ្ងៃទី ០៥​ខែសីហា ឆ្នាំ​២០២០ ស្អែក​នេះ ជា​ខួបកំណើត​គម្រប់​៦៨​ឈានចូល​៦៩​ឆ្នាំ​នោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ប្រសាសន៍ថា ថ្ងៃកំណើត​ពិតប្រាកដរ​បស់​សម្ដេច គឺ​ថ្ងៃ​០៥ ខែសីហា ឆ្នាំ​១៩៥២​ត្រូវ​នឹង​ថ្ងៃ​អង្គា​រ៍​១៥​កើត ខែស្រាព​ណ៍ ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៤៩៦​។​

នៅលើ​ផេ​ក​ផ្លូវការ នា​ថ្ងៃទី ០៤​ខែសីហា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​បានសរសេរថា ថ្ងៃ​៥​ខែសីហា ឆ្នាំ​២០២០​ស្អែក​នេះ ជា​ខួបកំណើត​គម្រប់​៦៨​ឈានចូល​៦៩​ឆ្នាំ​របស់ខ្ញុំ (៥​សីហា​១៩៥២-៥​សីហា​២០២០)​។ សម្ដេច​តេ​ជោ​បន្តថា សូម​អរគុណ​បងប្អូន​ដែល​បាន​ជូនពរ​ខ្ញុំ ទោះបី​ខុស​ឆ្នាំ​ក៏ដោយ​ព្រោះ​ខ្ញុំ​មាន​ថ្ងៃកំណើត​ដល់​ទៅ​ពីរ គឺ ទីមួយៈ ថ្ងៃ​៤​មេសា​១៩៥១​ដែល​ខ្ញុំ​បាន​បកស្រាយ​ម្តង​រួចហើយ គឺ​ថ្ងៃ​៤​មេសា​យក​ថ្ងៃ​ចូល​ប​ម្តើ​កងទ័ព​តាម​ការអំពាវនាវ របស់​សម្តេចឪ​សម្តេចព្រះ​ន​រោ​ត្ដម​សីហនុ​ឆ្នាំ​១៩៧០​។

ឯ​ឆ្នាំ​១៩៥១​ដោយ​អ្នក​វាយ​អង្គុលីលេខ​វាយ​ច្រឡំ និង​យកទៅ​ផ្សាយ​ល្ងាច​ថ្ងៃ ៨ មករា​១៩៧៩ ក្រោយពេល​ខ្ញុំ​ត្រូវបាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រីការបរទេស​។ ពេលនោះ​ខ្ញុំ​មិនបាន​កែតម្រូវ​ទេ ព្រោះ​ចង់ឱ្យ​ខ្លួន​មាន​អាយុ​ច្រើន​បន្តិច​ដោយសារ​កាន់ តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​អាយុ​មិនទាន់​គ្រប់​២៧​ឆ្នាំ​ផង​។​ទី​ពី​រៈ ថ្ងៃកំណើត​ពិតប្រាកដរ​បស់​ខ្ញុំ គឺ​ថ្ងៃ​៥​សីហា​១៩៥២​ត្រូវ​នឹង​ថ្ងៃ​អង្គារ​១៥​កើត ខែស្រាព​ណ៏​ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៤៩៦​។ សម្ដេច​តេ​ជោ​គូសបញ្ជាក់ថា ទោះ​ជូនពរ​៦៩​ឆ្នាំ ឬ​៧០​ឆ្នាំ​គឺ​ទទួលបាន​ទាំងអស់ និង​សូម​អរគុណ​សម្រាប់​ការស្រឡាញ់​រាប់អាន​។​ការបញ្ជាក់​របស់ខ្ញុំ​ខាងលើ​សំដៅ​បញ្ជាក់​តើ​ថ្ងៃកំណើត​ពិតប្រាកដ​មួយណា​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​៕ ដោយ ជឹម ណា​រី​