អភិបាលខេត្ត ចុះ​ពិនិត្យ និង​ដោះស្រាយ​ប្រព័ន្ធ​រំដោះ​ទឹក​ ​ចេញពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​

AKP កំពត ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០
​ ​នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ដឹក នាំ​សហការី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ចុះ​ពិនិត្យ​ស្ថានភាព​ប្រព័ន្ធ​រំដោះ​ទឹក ដើម្បី​រក ដំណោះ ស្រាយ​ឱ្យបាន​ទាន់ពេលវេលា​។

ក្នុងខណៈ​នោះដែរ ឯកឧត្តម ជាវ តា​យ បាន​ចុះ​ពិនិត្យ​ទីតាំង​ប្រឡាយ​ព្រែកជីក​ភូមិ តា​អេង និង​ប្រឡាយ​ភូមិ​ត្រពាំង​ធំ ដែលជា​ប្រភព​សំខាន់​នៃ​ការរំដោះ​ទឹក​ចេញពី​សង្កាត់ ក្រាំង អំពិល សង្កាត់​កំពង់​កណ្ដាល និង​ឃុំ​ត្រពាំង​ធំ ហូរ​ទៅកាន់​ព្រែក​កំពង់បាយ​។ ចំណែក ប្រឡាយ​រំដោះ​ទឹក​មួយ​ខ្សែ​ទៀត​ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ដែល​ត្រូវបាន​ចាក់ អាចម៍ដី​លុប និង​សាង​សង់ផ្ទះ​នៅលើ​ប្រឡាយ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការលំបាក ក្នុងការ​ស្ដារ​ប្រឡាយ​ឡើងវិញ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ឯកឧត្តម​អភិបាលខេត្ត ផ្តល់ជូន​លូ​មូល​ប្រវែង ៥០០​ម៉ែត្រ ដើម្បី​ត​ភ្ជាប់​ទៅ​ព្រែកជីក​ភូមិ​តា​អេង​។

​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​លោក​អភិបាលក្រុង​កំពត លោក​អភិបាល ស្រុក​ទឹកឈូ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​ពិនិត្យឡើងវិញ នូវ​ប្រព័ន្ធ​បង្ហូរ រំដោះ​ទឹក​តាម​មូលដ្ឋាន និង​ទប់ស្កាត់​ការចាក់​បំពេញ​ដី ក្នុង​ប្រព័ន្ធ​បង្ហូរទឹក ទាំងអស់ និង​ស្នើសុំ ឱ្យ​បន្ត​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង​ជាប្រចាំ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ កុំ​ឱ្យមាន​ជំនន់ ទឹកភ្លៀង​កើតឡើង​នៅក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​។​
​ ​ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា នឹង​ជួប​ជាមួយ​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​ពិភាក្សា​ក្នុងការ​ស្ដារ​ប្រឡាយ​នេះ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​រំដោះ​ទឹក​ពេល​រដូវវស្សា​នេះ បញ្ចៀស​ឱ្យបាន​នូវ​ការ​ជន់​លិច​ក្រុង ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិនាម​ទីក្រុង​ទេសចរណ៍ ស្អាត​អាស៊ាន ដែល​កំពត​ទើប​ទទួលបាន​នោះឡើយ​។

​សូម​បញ្ជាក់ដែរថា ប្រឡាយ​ព្រែកជីក​ភូមិ​តា​អេង ជា​ប្រព័ន្ធ​រំដោះ​ទឹក​ដ៏​សំខាន់បំផុត​មួយ ក្នុង​ក្រុង​កំពត ការស្ដារ​ព្រែកជីក​នេះ ស្ថិតនៅក្នុង​គម្រោង​រប​ស់​ធានា​គារ​អភិវឌ្ឍន៍អាស៊ី (ADB)​។​៕ ដោយ ប្រាក់ លាង​