អភិបាល​ខេត្តកំពត ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ ឱ្យ​ព​ន្លឿ​ន​ការរៀបចំ​តំបន់ឆ្នេរ ដើម្បីឱ្យ​ភ្ញៀវទេសចរ​អាចមក​កម្សាន្ត​ក្នុងពេល​ឆាប់ៗ​នេះ​

AKP កំពត ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០
​អភិបាល​ខេត្តកំពត បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ ឱ្យ​ព​ន្លឿ​ន​ការរៀបចំ​តំបន់ឆ្នេរ​បណ្តោះ អាសន្ន​សិន ដើម្បីឱ្យ​ភ្ញៀវទេសចរ​អាចមក​កម្សាន្ត​ក្នុងពេល​ឆាប់ៗ​នេះ​។
​​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ផែនការអភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្សាន្ត​កែប​ថ្មី ស្ថិតនៅក្នុង ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ជាមួយ​ក្រុមហ៊ុន អាយ​.​ជី​.​ប៊ី (IGB) កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​រម្លឹកថា គម្រោង​អភិវឌ្ឍន៍ រមណីយដ្ឋាន​ឆ្នេរ​កម្សាន្ត ជា​គម្រោង​ដែលមាន​ការអនុញ្ញាត ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ឱ្យទៅ​ក្រុមហ៊ុន​(​អាយ​.​ជី​.​ប៊ី​) ដើម្បី​វិនិយោគ​តំបន់ឆ្នេរ​ខ្សាច់​ទេសចរ លើ​ផ្ទៃដី ២៣០​ហិកតា ក្នុងនោះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លើដី​៦០​ភាគរយ ស្មើនឹង​១២០​ហិកតា រដ្ឋបាលខេត្ត ៤០​ភាគរយ ស្មើ នឹង​៨០​ហិកតា និង​៣០​ហិកតា​ទៀត​សម្រាប់​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​។

​ឯកឧត្តម​បាន​បន្តថា ដើម្បី​ធានា​ឱ្យ​ការអភិវឌ្ឍ​គម្រោង​នេះ បាន​លឿន​ឆាប់រហ័ស​តាម ផែនការ​ប្រកបដោយ​ប្រសិទ្ធភាព រដ្ឋបាលខេត្ត​នឹង​បង្កើត​គណៈកម្មការ​អភិវឌ្ឍ​ន៍ រមណីយដ្ឋាន​ឆ្នេរ ដោយមាន​រូបលោក​ផ្ទាល់​ជា​ប្រធាន ដែលមាន​អនុគណៈកម្មការ​៦​ផ្សេង ទៀត ដែល​ប្រធាន​ក្រុមហ៊ុន អាយ​.​ជី​.​ប៊ី ជា​សមាជិក ដើម្បី ដឹកនាំ​អភិវឌ្ឍន៍​រមណីយដ្ឋាន ឆ្នេរ​កម្សាន្ត​នេះ​ប្រកបដោយ​គុណភាព សុវត្ថិភាព ធានា​នូវ​ស្ថិរភាព​បរិស្ថាន ដើម្បី​បង្កើតបានជា ផលិតផល​ទេសចរណ៍​ថ្មី ក្នុងការ​ទាក់ទាញ​ទេសចរ​មកកាន់​ខេត្តកំពត​ច្រើន ស្របតាម​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកំពត ៥​ឆ្នាំ (២០១៩-២០២៣)​។​
​ ​ឯកឧត្តម​បានបញ្ជាក់​ទៀតថា ការងារ​ជោគជ័យ​ទៅបាន អាស្រ័យ​ដោយមាន​ការ ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​អ្នកវិនិយោគ មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ ហើយ​សំខាន់​ត្រូវមាន គំនិត​តែមួយ ថា​ធ្វើ​យ៉ាងម៉េច ឱ្យ​កំពត​ក្លាយជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត បានមក​ម្តង​ហើយ ចង់​មក​ម្តងទៀត​។

​​ឯកឧត្តម​សង្ឃឹមថា ក្រុមហ៊ុន និង​រដ្ឋបាលខេត្ត​ចូលរួម​សហការគ្នា ដើម្បី​ធ្វើឱ្យ​តំបន់ ឆ្នេរ​ទេសចរណ៍​មួយ​នេះ​អាច​ទទួលភ្ញៀវ​មកលេង​កម្សាន្ត​បាន​ក្នុងពេល​ឆាប់ៗ​នេះ ដោយ​មិន ចាំបាច់​រង់ចាំ​ធ្វើឱ្យ​រួចរាល់​តាម​គម្រោង​ទាំងស្រុង​នោះទេ ប៉ុន្តែ​ត្រូវ​បង្កើតជា​ខ្ចុះ កន្លែង​ផ្តល់ សេវាកម្ម​ទេសចរ​ផ្សេងៗ ការរៀបចំ​អនាម័យ ពិសេស​ម្ហូបអាហារ​ឆ្ងាញ់ៗ ដែល​ធ្វើឱ្យ​អ្នក ទទួលទាន​ចាប់​មាត់ និង​មាន​សុខ​ភាពល្អ​ផងដែរ​៕ ដោយ ប្រាក់ លាង​