ជីវភាព​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​ធូរធារ​ឡើងៗ ខណៈ​ជនជាតិភាគតិច​ធ្វើ​ចម្ការ​ពនេចរ​នៅសល់​ប្រមាណ​៤០​ភាគរយ​ប៉ុណ្ណោះ​

​AKP មណ្ឌលគិរី ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០–​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ថា ជីវភាព​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​ធូរធារ​ឡើងៗ ខណៈ​ជនជាតិភាគតិច​ធ្វើ​ចម្ការ​ពនេចរ​នៅសល់​ប្រមាណ​៤០​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​បងប្អូន​ជនជាតិភាគតិច​៦០​ភាគរយ ហើយ​បងប្អូន​ជនជាតិភាគតិច​មួយចំនួន​ក៏បាន​ផ្លាស់ប្តូរ​របៀប​នៃ​ការធ្វើ​កសិកម្ម​ដាំ​ស្រូវ​បុក​ដាំ ងាក​មក​ដាំដំឡូង​មី ស្វាយចន្ទី ម្រេច ល្ង និង​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ទៀត​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ប្រតិភូ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​នៅ​សាលាខេត្ត​មណ្ឌលគិរី ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍ថា នៅ​ខេត្តមណ្ឌលគិរី​មាន​ជនជាតិភាគតិច​ចម្រុះ​៨​ជនជាតិ​ហើយ​បងប្អូន​ជនជាតិ​មួយចំនួន​មានការ​អភិវឌ្ឍ​ជីវភាព ប្រពៃណី ជំនឿ និង​ស្លៀកពាក់​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទៅ​ដែរ​។​
​ឯកឧត្តម ស្វាយ សំ​អ៊ាង បាន​មានប្រសាសន៍ថា​«​ឥឡូវ​ជីវភាព​គាត់​ធូរធារ​ឡើង​ហើយដោយ​គោលនយោបាយ​ត្រូវបាន​លើកកម្ពស់​ផ្តល់​សេវា​ជួយ​ផ្នែក​ច្រើន តាម​ផ្ទះមួយៗ​គាត់​មាន​ម៉ូតូ គាត់​មាន​ឡាន​ល្មមៗ គាត់​មាន​ទូរស័ព្ទដៃ ឃើញថា ជីវភាព​មាន​កម្រិត​ឡើង​ឥឡូវ​យើង​ទៅ​ភូមិ​ណា​ក៏មាន​ម៉ូតូ​ស៊េរី​ទំនើប ប៉ុន្តែ​ឡាន​មិនទាន់មាន​ស៊េរី​ទំនើប​គ្រប់គ្នា​ទេ ប៉ុន្តែ​ចាប់ពី​ល្មមៗ​ត្រឹម​តម្លៃប្រើប្រាស់​បាន​ភាគច្រើន​គាត់​មាន​ដែរ​ហើយ អីចឹង​យើង​ឃើញថា អាហ្នឹង​ជាការ​ផ្លាស់ប្តូរ​ជីវភាព​របស់គាត់​»​។​

​ចំពោះ​ស្ថានភាព​កសិកម្ម​ក្នុង​ខេត្តមណ្ឌលគិរី​ទាំងមូល​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​អនុវត្តន៍​បាន​សរុប​២២.៩៨៨​ហិកតា ទិន្នផល​ជា​មធ្យម ២,៩៨​តោន​/​ហិកតា បរិមាណ​ផល​សរុប ៦៨.៥៦៥​តោន តម្រូវការ​ស្បៀង ១២.៧៨៣​តោន តុល្យភាព​ស្បៀង​(​សល់​ស្បៀង​សម្រាប់​លក់​ចេញ​) ២៥.៣៩៥​តោន​។​
​ដំណាំ​រួមផ្សំ​អនុវត្តន៍​បាន​សរុប ៥៦០​ហិកតា (​ពោត និង​បន្លែ​គ្រប់មុខ​)​។​ដំណាំ​ឧស្សាហកម្ម​អនុវត្តន៍​បាន​សរុប​២០.៤៦៥​ហិកតា (​សណ្តែកបាយ សណ្តែកដី សណ្តែកអង្គុយ ដំឡូង​មី​… )​ដំណាំ​អចិន្ត្រៃយ៍​អនុវត្តន៍​បាន​សរុប ៩.៦៤៦​ហិកតា (​ស្វាយចន្ទី កាហ្វេ ដូង ចេក ស្វាយ ប័​រ ទុរេន សាវម៉ាវ ក្រូច ទៀប​)​។​

​បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្ត​មាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២៥​ក្រុមហ៊ុន លើ​ផ្ទៃដី សរុប​១៤៧,០១៣.០៥​ហិកតា​។​ដំណាំ​កៅស៊ូ​ក្រុមហ៊ុន​អនុវត្តន៍​បាន​ចំនួន​៣១.២៣១,៩៨​ហិកតា ផ្ទៃដី​ធ្វើ​អាជីវកម្ម​សរុប​ចំនួន ៥.២៨៦,៨២​ហិកតា បរិមាណ​ផល​សរុប ៤.៨៦២.២៨​តោន​(​ជ័រ​ស្ងួត​)​។​
​ដំណាំ​កៅស៊ូ​គ្រួសារ​អនុវត្តន៍​បាន​សរុប​ចំនួន ១១.៣០៥,៤៣​ហិកតា ស្មើនឹង​១.៥៨៩​គ្រួសារ និង​ផ្ទៃដី​ធ្វើ​អាជីវកម្ម​សរុប​ចំនួន ៣.៣៩២,១៣​ហិកតា បរិមាណ​ផល​សរុប ៣.៧៦៤.៦​តោន​(​ជ័រ​ស្ងួត​) ស្មើនឹង ២០៧​គ្រួសារ​៕
​អត្ថ​ប​ទៈ គង់ សិរី​រ័ត្ន​, រូប​ថ​តៈ : រ៉ា​ន់ ច័ន្ទ​ភិ​រុណ​