ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ជំរុញអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងការងារ​​សន្តិសុខ​​ ការប្រយុទ្ធនឹងជំងឺឆ្លង និងបន្តដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ​

AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០

​ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់​ខ្លួន កាលពីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ដោយបានជំរុញឱ្យអាជ្ញាធរ ដែនដី គ្រប់លំដាប់​ថ្នាក់ និងសមត្ថកិច្ចមន្ទីរពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ការងារដាំដុះក្នុងរដូវវស្សា ការងារប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ ជំងឺឆ្លងផ្សេងៗ ​ដូចជាជំងឺកូវីដ១៩ ជំងឺគ្រុនឈីក និងបន្តធ្វើការដោះស្រាយនូវរាល់សំណូមពរ របស់ប្រជាពលរដ្ឋដែលកើតមាននៅតាមមូលដ្ឋានឱ្យបានលឿនមានតម្លាភាពនោះ។

​ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានធ្វើការរម្លឹក ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវ បន្តសហការគ្នាប្រមូលផ្តុំ នូវវិធានជំនាញនិងកម្លាំងសរុបនៅក្នុងការចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបនូវរាល់ បទល្មើសគ្រប់ប្រភេទ និងបាតុភាពអសកម្មផ្សេងៗនៅក្នុងសង្គមប្រកបដោយស្មារតីទទួល ខុសត្រូវ និងមានភាពអត់ធ្មត់ទាំងលើសន្តិសុខផ្ទៃក្នុង និងតាមខ្សែបន្ទាត់ព្រំដែនត្រូវ ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់របស់ពលរដ្ឋយើងចូលក្នុងប្រទេសថៃ។​

​ឯកឧត្តមបានជំរុញដល់មន្ត្រីមន្ទីរកសិកម្ម, ធនធានទឹកគប្បីត្រូវរួមជាមួយអាជ្ញាធរ នៅតាមមូលដ្ឋានបន្តយកចិត្តទុកដាក់តាមដានពិនិត្យមើលការដាំដុះស្រូវវស្សា និងដំណាំផ្សេងៗទៀត ដើម្បីជួយដល់កសិករយើងលើតំបន់ដែលរងគ្រោះដោយសារខ្វះទឹក ដើម្បីជួយដោះស្រាយរាល់បញ្ហាប្រឈមនានា និងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេល ដែលក្នុងនោះត្រូវធ្វើការជួសជុលឱ្យប្រសើរឡើងវិញ នូវប្រព័ន្ធធារាសាស្ត្រ ដែលរងការខូចខាត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ការរក្សាទឹកទុក សម្រាប់ប្រើប្រាស់ការងារកសិកម្ម។
ជាមួយនោះ មន្ទីរកសិកម្មក៏ត្រូវហើយត្រូវរួមជាមួយមន្ទីរពាណិជ្ជកម្មក្នុងការជួយ ស្វែងរកដៃគូដែលជាទីផ្សារលក់កសិផលជូនដល់ប្រជាកសិករយើង ដែលពួកគាត់កំពុងត្រូវ​ការចាំបាច់នោះ។

ឯកឧត្តម ខេង ស៊ុម ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នា បន្តចុះអប់រំប្រជា​ពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, ជំងឺគ្រុនឈីកតាមរយៈការបំផុស ឱ្យចូលរួមទាំងអស់គ្នាអនុវត្ត​ន៍នូវវិធានរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននោះ។

​ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក៏បានរម្លឹកដល់អាជ្ញាធរដែនដីរួមទាំង ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងព្យាយាម បន្តចុះជួប ប្រជាពលរដ្ឋតាម រយៈការធ្វើវេទិកាសាធារណៈឱ្យបានញឹកញាប់ស្តាប់នូវ ទុក្ខលំបាកសំណូម ពរសេចក្តីត្រូវការចាំបាច់​​របស់ប្រជាពលរដ្ឋហើយប្រមូលយកបញ្ហា ទាំងអស់នេះដោយ រួមគ្នាធ្វើការដោះស្រាយជា​បន្ទាន់ជូនដល់​ពួកគាត់ឱ្យបានទាន់ពេលវេលានោះ។

​សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនេះក៏បាន ពិនិត្យ​ ពិភាក្សា​ និងអនុម័តសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិ​ទី៣​ របស់ក្រុមប្រឹក្សាខេត្ត។ សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាល​​ខេត្ត៕​

ដោយ ឈុនសារ៉ាត