មន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរាអំពាវនាវ កុំបំផ្លាញដើមឈើ ដែលអាជ្ញាធរជាតិអប្សរាដាំ ទោះខឹងឬស្អប់

AKP សៀមរាប ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានថ្លែងថា ការដាំដើមឈើ ក្នុងរមណីយដ្ឋានអង្គរ ជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កើតគម្របបៃតងដល់បរិស្ថាន បង្កើតទេសភាពវប្បធម៌ ទាក់ទាញទេសចរ ជាជម្រកសត្វព្រៃ ពិសេសគឺការពារប្រាង្គប្រាសាទ ពីបម្រែបម្រួលនៃសីតុណ្ហភាព និងបរិយាកាស។ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា មន្ត្រីសង្ឃខេត្តសៀមរាប និងពុទ្ធបរិស័ទ បានចូលរួមដាំកូនឈើប្រណីត និងឈើលម្អចំនួន៥០០ដើម ក្នុងបរិវេណវត្ត អង្គរខាងជើង។

ឯកឧត្តមបានបន្តថា ក្រៅពីកិច្ចការអភិរក្ស ជួសជុលប្រាង្គប្រាសាទ អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់លើបរិស្ថានធម្មជាតិដែលផ្តល់ប្រយោជន៍ចំពោះប្រាសាទផង និង មនុស្សផង។ ឯកឧត្តម ក៏បានសំណូមពរដល់ជនមួយចំនួនដែលមិនពេញចិត្ត នឹងសកម្មភាព របស់អាជ្ញាធរជាតិអប្សរាថា «ទោះខឹងឬស្អប់ កុំបំផ្លាញដើមឈើដែលអាជ្ញាធរជាតិអប្សរាដាំ»។

ឯកឧត្តមកោតសរសើរនិងលើកទឹកចិត្តដល់ព្រះសង្ឃ ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ វិស័យ ឯកជនដែលបន្តចូលរួមដាំដើមឈើឱ្យបានច្រើន ហើយសម្អាតបរិស្ថានឱ្យបានល្អ ក្រោយ ដាំរួច ពិសេសចូលរួមថែរក្សាដើមឈើដែលដាំហើយឱ្យបានគ្រប់ៗគ្នា។

ព្រះចរណសោភ័ណបណ្ឌិត គង់ សុភាព ឋិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស មានសង្ឃដីកាថា គោលបំណងនៃការដាំដើមឈើនេះ គឺដើម្បីលើកស្ទួយសោភណភាពបៃតង ក្នុងតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរា បណ្តុះទឹកចិត្តស្រឡាញ់បរិស្ថានដល់កូនខ្មែរគ្រប់រូប និងរួមចំណែកកាត់បន្ថយបម្រែបម្រួលអាកាសធាតុជាមួយពិភពលោក ព្រោះដើមឈើ នៃជា ប្រភពនៃជីវិតផ្តល់ខ្យល់បរិសុទ្ធ និងសារៈប្រយោជន៍ជាច្រើន ក្នុងការរស់នៅរបស់មនុស្ស    សត្វ។ មិនតែប៉ុណ្ណោះ ដើមឈើគឺជាកន្លែងដែលព្រះពុទ្ធចាប់កំណើត ត្រាស់ដឹង និងបរិនិព្វាន ផង ហើយការដាំដើមឈើនេះ ក៏បានផលអានិសង្ឃបុណ្យច្រើនណាស់ដែរ៕

ដោយ ឃុត សៅ