អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យប្រជាកសិករបង្កើនការចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងគ្រួសារ និងតម្រូវការទីផ្សាក្នុងស្រុក

AKP កំពង់ចាម ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យប្រជាកសិករត្រូវបង្កើន ការយកចិត្តទុកដាក់ខ្ពស់លើការងារចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំគ្រប់ប្រភេទ ដើម្បីធានាបាន នូវសន្តិសុខស្បៀងដល់ការផ្គត់ផ្គង់ក្នុងគ្រួសារ និងតម្រូវការសាច់សត្វក្នុងការផ្គត់ផ្គង់ទីផ្សា ក្នុងខេត្តបានគ្រប់គ្រាន់ ខណៈបច្ចុប្បន្ននេះប្រទេសយើងកំពុងជួបបញ្ហាជំងឺកូវីដ-១៩ ហើយការទប់ស្កាត់ការនាំសត្វពីខាងក្រៅត្រូវបានរឹតបន្តឹងនោះ។

នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម ក្នុងឱកាស​បើកយុទ្ធនាការចាក់វ៉ាក់សាំង​ការពារ ជំងឺសារទឹក​ ដល់សត្វគោ​ ក្របី​ ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិដូង​ ឃុំតុងរ៉ុង​ ស្រុកព្រៃឈរ​ ខេត្ត​កំពង់ចាម ​នាព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្រោមវត្តមានឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអមដំណើរដោយមន្ត្រីជំនាញ នៃមន្ទីកសិកម្មនិងថ្នាក់ដឹកនាំរបស់មន្ទីរអង្គភាពជុំវិញខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា  ខណៈបច្ចុប្បន្ន នេះប្រទេសយើងកំពុងជួបបញ្ហាជំងឺកូវីដ-១៩ ហើយការទប់ស្កាត់ការនាំសត្វពីខាងក្រៅត្រូវ បានរឹតបន្តឹងនោះដើម្បីធានាបាននូវសន្តិសុខស្បៀងដល់ការផ្គត់ផ្គង់ក្នុងគ្រួសារ និងតម្រូវការ សាច់សត្វក្នុងការផ្គត់ផ្គង់ទីផ្សាក្នុងខេត្ត គឺយើងត្រូវពឹងលើការចិញ្ចឹមក្នុងស្រុកដូចនេះចូរបង ប្អូនប្រជាកសិករយើងបង្កើនការចិញ្ចឹមសត្វដាំដំណាំរួមផ្សំឱ្យបានច្រើន។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសយើងនៅជួបបញ្ហាប្រឈម នឹងជំងឺកូវីដ-១៩នៅឡើយ ដូចនេះសុំត្រូវយកចិត្តទុកដាក់ក្នុងស្ថានភាពនេះ គឺបងប្អូនប្រជា ពលរដ្ឋត្រូវបង្កើនការថែរក្សាសុខភាព ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួនឱ្យបាន។ ចំពោះបញ្ហាជីវភាពប្រចាំថ្ងៃបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើការងារ កសិករដូចជាការបង្កបង្កើនផល ស្រូវ ដំណាំ បន្លែ ចិញ្ចឹមសត្វ និងត្រី នៅតាមគ្រួសារ នីមួយៗបើមិនបានលក់ដូរ ក៏បានត្រឹមផ្គត់ផ្គង់នៅក្នុងគ្រួសារឱ្យបាន គ្រប់គ្រាន់ដើម្បីកាត់ បន្ថយការចំណាយ និងធានាសន្តិសុខស្បៀងក្នុងគ្រួសារ ប៉ុន្តែគួរតែបង្កើនលទ្ធភាព ពង្រីកការផលិតកម្មដូចជាដាំបន្លែ ចិញ្ចឹមមាន់ ត្រី និងកង្កែប ដើម្បីចូលរួមផ្គត់ផ្គង់ឱ្យទីផ្សារ បង្កើតការងារ និងចំណូលសម្រាប់គ្រួសារផង។

ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្រូវជួយធ្វើការណែនាំអប់រំផ្សព្វផ្សាយផ្នែកបច្ចេកទេសកសិកម្ម ជូនដល់កសិករយើង និងចុះណែនាំ និងអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ ដើម្បីទទួល បានចំណេះដឹងបច្ចេកទេសក្នុងការចិញ្ចឹមសត្វ និងដំណាំទទួលបានទិន្នផលខ្ពស់៕

ដោយ ឆាយ ម៉ុត